បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃចន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៥និង៤៥នាទី កងកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្ត បានចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសង (លក់កន្ទុយលេខ) ចំនួន០២លើក នៅទីតាំងក្នុងក្រុងបាត់ដំបង ។ ទីតាំងទី១ នៅចំណុចភូមិចម្ការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានធ្វើការនាំខ្លួនមនុស្សម្នាក់ឈ្មោះ សោម គឹមហ៊ាង ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅខាងលើ ។ ទីតាំងទី២ នៅចំណុចផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានធ្វើការនាំខ្លួនម្នាក់ឈ្មោះ ហេង សុភាព ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅខាងលើ ។
វត្ថុតាងដកហូតរួមមាន៖ ក្រដាសកត់លេខឆ្នោតចំនួន០៨សន្លឹក, បន្ទាត់ចំនួន ០៤, ប៊ិចសរសេរចំនួន ០៧ដើម, ម៉ាស៊ីនគិតលេខ ចំនួន០២គ្រឿង, ក្រដាសសម្រាប់ដានចំនួន០៣សន្លឹក និងប្រាក់ខ្មែរចំនួន ៥៩៣,៣០០រៀល (ហាសិបប្រាំបួនម៉ឺនបីពាន់បីរយរៀល) ។
បច្ចុប្បន្ន ក្រោយធ្វើការបង្ក្រាបឃាត់ខ្លួនកម្លាំងអន្តរាគមន៍បង្ការបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្ត បានអោយអ្នកប្រព្រឹត្តិទាំង២នាក់ ធ្វើកិច្ចសន្យាបញ្ឈប់ការលក់កន្ទុយលេខខុសច្បាប់ និងធ្វើការអប់រំរួចអោយវិលត្រឡប់ទៅមូលដ្ឋានរៀងខ្លួនវិញ ៕
មតិយោបល់