ព័ត៌មានជាតិ

ហុងដាឌ្រីម២គ្រឿងពន្លះគ្នាលើដងផ្លូវរបួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ដែលម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៩មួយគ្រឿងជិះគ្នា២នាក់ បានបើកបរបោះពួយក្ន្ងុងល្បឿនលឿននិងក្នុងទិសដៅបញ្រ្ចាស់ទិសដៅចរាចរណ៍បានជុលទៅបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥មួយគ្រឿងទៀតស៊េរីឆ្នាំ២០១៣ ជិះម្នាក់ឯងពេញទំហឹង បណ្ដាលឲ្យរងរបួសទាំងសងខាង ប៉ុន្តែអ្នកជិះម្នាក់ឯងរងរបួសធ្ងន់ជាង។

ហេតុករណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅតាមផ្លូវវ៉េងស្រេង ត្រង់ចំណុចមុខធនាគារABA ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ហើយនៅមុនពេលកើតហេតុជនរងគ្រោះ២នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៩ ពណ៍ខ្មៅពាក់ស្លាកលេខកំពង់ឆ្នាំង1I-9640 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតបញ្រ្ចា់ទិសដៅចរាចរណ៍ ចំណែកជនរងគ្រោះម្នាក់ទៀតជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៣ពណ៍ខ្មៅម្នាក់ឯងក្នុងទិសដៅពីកើតទៅលិច។

ប្រភពដដែលបានបន្តទៀតថា លុះពេលទៅដល់ត្រង់ចំណុចកើតហេតុក៏បានបុកគ្នាពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់និងស្រាលទាំង៣នាក់តែម្ដង។ក្រោយពេលកើតហេតុជនរងគ្រោះដែលជិះម៉ូតូម្នាក់ឯងរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ ហើយនគរបាលមូលដ្ឋានក៏បានចុះទៅធ្វើការវាស់វែងនិងនាំយកម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕

 

មតិយោបល់