ព័ត៌មានជាតិ

មន្ត្រីជំនាញរកឃើញ មឹកស្រស់ មានផ្ទុកសារធាតុគីមី ហតដក ទឹកក្រូចកំប៉ុង ទឹកជ្រលក់ហួសកាលបរិច្ឆេទប្រើប្រាស់ សូមប្រុងប្រយ័ត្ន

បាត់ដំបងៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃអង្គារ ១៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តបាត់ដំបង ដោយទទួលបានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពម្ហូបអាហារ នៅផ្សារថ្មគោល និងផ្ទះលក់គ្រឿងទេស ស្ថិតក្នុង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺ ដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួនរួមមាន៖ មឹកស្រស់ បង្គាស្រស់ ជ្រក់ស្ពៃ នំបញ្ចុក ណែមសាច់ត្រី សរសៃគុយទាវ(តូច+ធំ) ស្វាយត្រាំ និងទំពាំងបាយជូរត្រាំ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។

  • ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ៥៣ គីឡូក្រាម មានដូចជា៖
  • មឹកស្រស់ មានផ្ទុកសារធាតុគីមី Formaline ចំនួន ១៣ គីឡូក្រាម
  • ហតដក ហួសកាលបរិច្ឆេទចំនួន ៧ ដុំ ស្មើនឹង ៧ គីឡូក្រាម
  • ភេសជ្ជៈដប ចំនួន ១៩ ដប ស្មើនឹង ១០ គីឡូក្រាម
  • ទឹកស៊ីអ៊ីវ ចំនួន ៨ ដប ស្មើនឹង ៤ គីឡូក្រាម
  • ទឹកក្រូចកំប៉ុង ចំនួន ២៦ កំប៉ុង ស្មើនឹង ១៣ គីឡូក្រាម
  • ទឹកជ្រលក់ ចំនួន ១២ ដប ស្មើនឹង ៦ គីឡូក្រាម

បន្ទាប់មក មន្ត្រីសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕​​​​

មតិយោបល់