មន្រ្តីជំនាញជលផលនិងអាវុធហត្ថខេត្តបាត់ដំបងបានបញ្ជូនជនសង្ស័យចំនួន៦នាក់ ទៅកាន់ តុលាការខេត្តបាត់ដំបងហើយ នារសៀលថ្ងៃទី ០៨ខែធ្នូ ពាក់ព័ន្ធនឹងការ ទន្រ្ទាន ដីព្រៃលិចទឹកធ្វើស្រែ ចំនួន ៨៩៥ហិចតានៅតំបន់បី ស្ថិតនៅស្រុកឯកភ្នំខេត្តបាត់ដំបង ។
មន្រ្តីជំនាញឱ្យដឹងថា ជនសង្ស័យទាំង៦នាក់ នេះត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ខេត្តសហការ ជាមួយមន្រ្តីជលផល ឃាត់ខ្លួន កាលពីថ្ងៃទី០៦ខែធ្នូ នៅចំណុច ឃុំព្រៃចាស់ស្រុកឯកភ្នំ ខណៈពួកគេនៅបន្តចេញចូលនៅតំបន់ ដែលរុករានបង្កបង្កើន ផលនៅ តំបន់ បីនោះ មិនព្រមចាក ចេញឱ្យផុត ។
របាយការណ៍របស់មន្រ្តីជំនាញដឹងថា ជនសង្ស័យទាំង៦នាក់នោះ មាន១ ឈ្មោះ សឿត គឹមស៊ន អាយុ៤៨ឆ្នាំរស់នៅភូមិនិងឃុំស្រះរាំង ស្រុក មង្គលបូរីខេត្តបន្ទាយមានជ័យ និង ទី២ ឈ្មោះផល សុផាន់ណា អាយុ២១ឆ្នាំ រស់នៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ៣ ឈ្មោះ ធន សុផល អាយុ៤២ឆ្នាំ ៤ លឿអយ អាយុ ២៥ឆ្នាំ ៥ ឈ្មោះ មួន គឹមសួន អាយុ៣០ឆ្នាំ អ្នកទាំងបីនាក់រស់នៅភូមិកំពង់ក្រសាំង ឃុំភ្នំលៀប ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ និង ទី៦ ឈ្មោះ ណីណា អាយុ៤៥ឆ្នាំ រស់នៅភូមិភ្នំក្រោម ឃុំចុងឃ្នាស ស្រុកនិង ខេត្តសៀមរាប ។
របាយការណ៍បញ្ជាក់បន្ថែមថា នៅមានឈ្មោះឈួន រ៉ា ភេទប្រុសអាយុ៤៧ឆ្នាំ រស់នៅ ភូមិពោធិ៍ សង្កាត់និងខេត្តសៀមរាប ព្រមទាំងបក្ខពួកមួយចំនួនទៀត កំពុងរត់គេចខ្លួន។
លោក ជួង សុភានាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបងបានបញ្ជាក់បន្ថែមថា ជនសង្ស័យខាងលើនេះ ត្រូវឃាត់ខ្លួនពាក់ព័ន្ធនឹងការទន្រ្ទានដីព្រៃលិចទឹកធ្វើការបង្កបង្កើនផល លើផ្ទៃដី ៨៩៥ ហិកតា នៅតំបន់បី ខេត្តបាត់ដំបង ។លោកបន្ថែមថានៅមានអ្នកពាក់ព័ន្ធ៤នាក់ទៀត ដែលមាន មេក្លោងផង កំពុងរត់គេចខ្លួន ។
ក្នុងដីការតាមចាប់ខ្លួនចំនួនពីរ របស់សាលាដំបូងខេត្តចុះថ្ងៃទី៦ខែធ្នូ ដែលយើងទទួលបាន គឺចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ត លោក ឃី ឆៃ បានបង្គាប់ ឱ្យចាប់ខ្លួន ឈ្មោះ ថន សុផល ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិពាមកំពុងក្រសាំង ឃុំ ភ្នំលៀប ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ និង ឈ្មោះ ឈ្មោះឈួន រ៉ា ភេទប្រុសអាយុ៤៧ឆ្នាំ រស់នៅ ភូមិពោធិ៍ សង្កាត់និងខេត្តសៀមរាប ដាក់ឱ្យស្ថិតនៅក្រោមការ ពិនិត្យ ការកាប់ឆ្ការ គាស់រាន ឈូសឆាយដីព្រៃលិចទឹក និង ហ៊ុមព័ទ្ធកាន់កាប់ព្រៃលិចទឹកនៅចំណុច ក្រុមក្រពើស្គម កៀនស្បូវ និង អូរធ្លាក់ភូមិព្រៃចាស់ ឃុំព្រៃចាស់ ស្រុកឯកភ្នំខេត្តបាត់ដំបង កាលពីថ្ងៃទី២ខែតុលា តាមបញ្ញត្តិមាត្រា ៩៨ ចំណុច១ នៃច្បាប់ស្តីពីជលផល ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ធ្នូ ២០២១ តុលាការខេត្តបាត់ដំបងក៏ធ្លាប់ បានសម្រេចឃុំខ្លួន ប្រជាពលរដ្ឋចំនួន ៧ នាក់ហើយ នៅពន្ធនាគារ ខេត្តបាត់ដំបង ពាក់ព័ន្ធ នឹង ទន្រ្ទានដីព្រៃ លិចទឹកប្រមាណ៥០ហិចតា នៅតំបន់បី ។
បើតាមរបាយការណ៍របស់គណ:កម្មាធិការទប់ស្កាត់និងបង្រ្កាបបទល្មើស រឺទន្រ្ទាន ដីព្រៃលិចទឹក នៅតំបន់បី នៅខេត្តបាត់ដំបង មានការរុករានដីព្រៃលិច ទឹក ៤ស្រុក សរុបចំនួន ១២២២៥.៨ហិកតា ចំនួន២៩ទីតាំង មានស្រុក មោង ឫស្សី ស្រុកឯកភ្នំ ស្រុកសង្កែ និង ស្រុកថ្មគោល ៕
មតិយោបល់