ព័ត៌មានជាតិ

អាវុធហត្ថក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធជាមួយសារធាតុញៀន

សៀមរាប: នៅវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១០ ខែសីហា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានធ្វើការឃាត់ខ្លួន បានជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធជាមួយសារធាតុញៀន នៅចំណុចភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ។

បើតាមប្រភពព័ត៌មានបានឱ្យដឹងថា មុននឹងឈានទៅដល់ការឃាត់ខ្លួននោះ កម្លាំងកងរាជអាវុធហត្ថ បានធ្វើការតាមដានសកម្មភាពជនសង្ស័យជាយូរមកហើយ បន្ទាប់ពីទទួលដំណឹងថា ពួកគេទាំងនោះតែងតែចែកចាយនូវសារធាតុញៀន នៅចំណុចខាងលើ។ ភ្នាក់ងារបានបន្តឲ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះ ទី០១. ង្វៀង យាំងង៉ា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់ម៉ូតូឌុប ទីលំនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប, ទី០២. ថៃ ធីតាយ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរម៉ាស្សា ទីលំនៅភូមិត្រពាំងសេះសង្កាត់គោកចក ក្រុងសៀមរាប និងទី០៣. សន សុខ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរសន្តិសុខ ទីលំនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។ បន្ថែមពីនោះ កម្លាំងកងរាជអាវុធហត្ថបានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមាន ០១.ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ០៦កញ្ចប់ ដែលមានទម្ងន់ស្មើ ១.៦៨ក្រាម, ០២. ទូរស័ព្ទ ចំនួន០៥គ្រឿង។

ជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីសាកសួរបន្ថែម និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕

photo_2016-08-11_19-27-12

photo_2016-08-11_19-27-19

មតិយោបល់