ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សម្តេចតេជោ នឹងអញ្ជើញទៅធ្វើទស្សនកិច្ច និងចូលរួមកិច្ចប្រជុំនៅខេត្តឆុងឈីង ប្រទេសចិន

ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សម្តេចនឹងអញ្ជើញទៅធ្វើទស្សនកិច្ច និងចូលរួមកិច្ចប្រជុំនៅខេត្តឆុងឈីង ប្រទេសចិន តបចំពោះការអញ្ជើញរបស់ភាគីចិន។

ការថ្លែងនេះ បានធ្វើឡើងនៅក្នុងឱកាសចូលជួបជំរាបលា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី១១ ខែសីហានេះ លោកស្រី ពូ ជាំងហ្គួ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

នៅក្នុងជំនួបនោះដែរ លោកស្រីបានកោតសរសើរចំពោះការដឹកនាំរបស់សម្តេចតេជោ និងបានលើកឡើងថា សម្តេចតេជោ បានជំរុញនយោបាយការបរទេសកម្ពុជាឲ្យមានភាពលេចធ្លោ ដោយទទួលបានជោគជ័យជាច្រើន។ នេះបើតាមការបញ្ជាក់លោក កៅ គឹមហ៊ួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្រោយជំនួបទ្វេភាគីនេះ។

នៅក្នុងជំនួបទ្វេភាគីមុនពេលបញ្ចប់អាណត្តិការទូតនេះ លោកស្រី ជាំងហ្គួ ក៏បានថ្លែងអំណរគុណសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្របេសកកម្មការទូតរបស់លោកស្រី ឲ្យទទួលបានជោគជ័យក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះនៅកម្ពុជា ជាពិសេសក្នុងក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងថា ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិន បានឈានដល់កម្រិតថ្មីមួយ ប្រកបដោយផ្លែផ្កា គឺភាគីទាំងពីរបានពង្រឹងកិច្ចសហប្រតិបត្តិការទាំងទ្វេភាគីផង និងក្នុងតំបន់ផង ជាពិសេសកិច្ចសហប្រតិបត្តិការអាស៊ានចិន តែម្តង ។ ជាងនេះទៀត ក្នុងរយៈពេល៣ឆ្នាំមកនេះ សម្តេចតេជោ បានជួបជាមួយមេដឹកនាំចិនជាច្រើន ជាពិសេសជំនួបទ្វេភាគីជាមួយ ប្រធានាធិបតីចិនលោក ស៊ី ជីងពីង និង នាយករដ្ឋមន្ត្រីចិន លី ឃីជាំង ដោយក្នុងនោះមានគម្រោងជាច្រើន ត្រូវបានអនុវត្តប្រកបដោយលទ្ធផលផ្លែផ្កា។ ឆ្លើយតបចំពោះការអញ្ជើញរបស់ភាគីចិន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាសម្តេចនឹងអញ្ជើញទៅធ្វើទស្សនកិច្ច និងចូលរួមកិច្ចប្រជុំនៅខេត្តឆុងឈីង នៃប្រទេសចិន ដែលជាផែនការថ្មីរបស់សម្តេច។ ស្របពេលនោះនៅខែកញ្ញាខាងមុខ សម្តេចនឹងអញ្ជើញទៅចូលរួមពិធីតាំងពិពណ៌អាស៊ាន ចិន នៅខេត្តណាននីងផងដែរ៕

photo_2016-08-11_20-09-08photo_2016-08-11_20-09-12photo_2016-08-11_20-09-16

មតិយោបល់