បន្ទាយមានជ័យៈ លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានឲ្យអង្គភាព Post News ដឹងថា មានសាច់មាន់ខូចគុណភាពប្រមាណជាង១០០គីឡូក្រាមត្រូវបានកម្លាំងជំនាញធ្វើការដុតកម្ទេចចោលនៅទីលានដីទំនេរមួយកន្លែងរបស់កាស៊ីណូផ្កាយប្រាំ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះ។
សាច់មាន់ខូចគុណភាពទាំងនេះ ត្រូវបានលោកបញ្ជាក់ថា គឺកម្លាំងជំនាញកាំកុងត្រូលធ្វើការដកហូតពីរទេះដឹកទំនិញរបស់បងប្អូនប្រជាពលរដ្ឋដែលលួចបង្កប់នាំចូលពីផ្សាររុងក្លឿប្រទេសថៃ ចូលតាមច្រកអន្តរជាតិប៉ោយប៉ែត។សាច់មានខូចគុណភាពទាំងអស់នេះ គឺមានឈ្មួញធំជាអ្នកប្រមូលទិញពីផ្សារថៃ ហើយដាក់បង្កប់តាមរទេះម្តងបន្តិចៗលុះឆ្លងផុតពីការត្រួតពិនិត្យសមត្ថកិច្ចជំនាញ ទើបគេប្រមូលផ្តុំលើកដាក់រថយន្តដឹកយកមកលក់ចែកចាយលើទីផ្សារនៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តមួយចំនួនទៀតដែលនៅក្បែរនោះ។
លោក ស៊ាន ស៊ីណាត បានបន្តផងដែរថា ដោយអនុវត្តតាមតួនាទីភារកិច្ច ក្នុងក្របខណ្ឌនៃកិច្ចការការពារ អ្នកប្រើប្រាស់ ទាំងលើទិដ្ឋភាព សុខភាព-សុវត្ថិភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងធានាឲ្យការធ្វើពាណិជ្ជកម្ម ដំណើរការប្រកបដោយសមធម៌ កសាងទំនុបចិត្តពីអ្នកប្រើប្រាស់ ហើយពិសេស ដោយទទួលបានការណែនាំនឹងបទបញ្ជាពីលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូលមន្ត្រីរបស់សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យតែងតែចុះជាប់ជាប្រចាំក្នុងពិនិត្យនូវរាល់ការនាំចូលតាមច្រកនៃក្រុងប៉ោយប៉ែត និងការតាំងលក់នៅលើទីផ្សារតាមស្រុក-ក្រុងទាំង៩ ដើម្បីអប់រំផ្សព្វផ្សាយណែនាំដល់អ្នកលក់ និងអ្នកប្រើប្រាស់មិនតែប៉ុណ្ណោះ តែងរឹបអូសដកហូតរាល់ទំនិញទាំងឡាយណា ដែលហួសកាលបរិច្ឆេទប្រើប្រាស់ និងនឹងទំនិញហាមឃាត់យកមកកំទេចចោល ដោយជៀសវាងបងប្អូនប្រជាពលរដ្ឋទិញយកទៅទទួលទាននាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព។ហើយជាក់ស្តែងសាច់មាន់ខូចគុណភាពទាំងនេះ ក៏ត្រូវបានធ្វើការកំទេចចោលផងដែរ៕
មតិយោបល់