ព័ត៌មានជាតិ

មន្ត្រីជំនាញរកឃើញ ពពុះសណ្តែក គុយទាវសរសៃធំ មានផ្ទុកសារធាតុគីមីហាមឃាត់

កំពង់ចាមៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃពុធ ១៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ មន្រ្តីសាខា ក.ប.ប. ខេត្តកំពង់ចាម ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យផលិតផលទំនិញ និងម្ហូបអាហារ នៅផ្សារ ៧មករា និងដេប៉ូចែកចាយ ស្ថិតនៅឃុំសំបូមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារចំនួន ៧គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ ទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់ សរុបចំនួន ១២គីឡូក្រាម រួមមាន៖
– ពពុះសណ្តែក មានសារធាតុគីមី បូរ៉ាក់ ចំនួន ១០គីឡូក្រាម
– គុយទាវសរសៃធំ មានសារធាតុគីមី បូរ៉ាក់ ចំនួន ២គីឡូក្រាម។

បន្ទាប់មក មន្ត្រីសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់