ព័ត៌មានជាតិ

បិទសិប្បកម្មផលិតពពុះសណ្តែក២ទីតាំង មានដាក់សារធាតុគីមីបូរ៉ាក់ និងសូដ្យ៉ូមអ៊ីដ្រូស៊ុលហ្វីត(ម្សៅស)

កណ្តាល: យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល ដោយទទួលបានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យសិប្បកម្មផលិតពពុះសណ្តែក ០២ទីតាំង ដែលស្ថិតនៅ ភូមិកោះតូច និងភូមិក្បាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយមានការចូលរួមសម្របសម្រួលផ្ទាល់ពីលោក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ដើម្បីត្រួតពិនិត្យ ផងដែរ។

ជាលទ្ធផលក្រោយពីការត្រួតពិនិត្យជាក់ស្តែងឃើញថា សិប្បកម្មផលិតពពុះសណ្តែកទាំង ០២ទីតាំង មានដាក់សារធាតុគីមី បូរ៉ាក់ និងសូដ្យ៉ូមអ៊ីដ្រូស៊ុលហ្វីត (ម្សៅស)។

បន្ទាប់មកមន្រ្តីសាខា ក.ប.ប. ខេត្តកណ្តាល បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានឱ្យម្ចាស់សិប្បកម្មផលិតទាំង ០២ទីតាំង ធ្វើកិច្ចសន្យាបិទសិប្បកម្មផលិតពពុះសណ្តែកជាបណ្តោះអាសន្ន និងបញ្ឈប់ការដាក់បន្ថែមសារធាតុគីមីទៀត។ ក្នុងករណីដែលសិប្បកម្មទាំងពីរខាងលើមានលើកទី២ នឹងអនុវត្តនីតិវិធីច្បាប់៕

មតិយោបល់