ព័ត៌មានជាតិ

បុគ្គលិកអាកាសចរណ៍ស៊ីវិលម្នាក់ ត្រូវរថយន្តមិនស្គាល់ម៉ាកកៀរម៉ូតូដួល ខ្ទាតធ្លាក់ពីលើស្ពានអាកាស៧មករា សន្លប់បាត់ស្មារតី

ភ្នំពេញៈ បុរសបុគ្គលិកអាកាសចរណ៍ស៊ីវិលម្នាក់ ជិះម៉ូតូលឿនឡើងស្ពានអាកាស៧មករា ត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកលឿនដូចហោះ ស្របទិសគ្នាពីក្រោយមកកៀរម៉ូតូ បណ្តាលឲ្យដួលខ្ទាតធ្លាក់ពីលើស្ពានកម្ពស់ជាង៥ម៉ែត្រ មកដីរងរបួសធ្ងន់សន្លប់ស្តូកស្តឹង នៅកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅក្រោមស្ពានអាកាស៧មករា ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ គ្រួច ង៉ែត បើកបរម៉ូតូ១គ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ 1IH4237 ធ្វើការនៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មុខតំណែងអនុប្រធានការិយាល័យ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ ឃើញហេតុការណ៍ផ្ទាល់បានប្រាប់អោយដឹងថា មុនកើតហេតុ គឺគេឃើញបុរសរងគ្រោះខាងលើបើកម៉ូតូ ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ឡើងស្ពានអាកាស៧មករា ឆ្លងមកផ្លូវកម្ពុជាក្រោមក្នុងល្បឿនលឿនល្មម ខណ:ពេលធ្វើដំណើរមកដល់ពាក់កណ្តាលស្ពាន ក៏មានរថយន្តមិនចាំម៉ាកមួយគ្រឿង ធ្វើដំណើរស្របទិសគ្នាជាមួយម៉ូតូរងគ្រោះនោះ ពីក្រោយក្នុងល្បឿនលឿនមកកៀរម៉ូតូជនរងគ្រោះ ចំហៀងខាងឆ្វេង បណ្តាលឲ្យដួលខ្ទាតធ្លាក់អ្នកបើកម៉ូតូពីលើស្ពានមកដល់ដី រងរបួសធ្ងន់សន្លប់ស្តូកស្តឹងចំណែកម៉ូតូនៅលើស្ពានរងការខូចខាតតិចតួច ចំណែករថយន្តបង្កបានបន្ថែមល្បឿន គេចខ្លួនបាត់ស្រមោល ។

បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋទាក់ទងហៅរថយន្ដសង្គ្រោះ មកដឹកទៅព្យាបាលរបួសភ្លាមៗ នៅគ្លីនិកសម្ភពពន្លឺនៅសល់តែម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក អោយនៅប៉ុស្តិ៍នគរបាលទឹកល្អក់១៕

មតិយោបល់