ព័ត៌មានជាតិ

ប្រាក់ក៏បង់ ថង់ក៏ដាច់ ផ្ទួនៗតែម្ដង! បុរសម្នាក់ បើកម៉ូតូកង់បីឥណ្ឌា ទ្បើងស្ពានអាកាស ៥មករា ជួបគ្រោះថ្នាក់ របួសហើយ ត្រូវម៉ូតូកង់បីមិនទាន់អស់ល្បឿន ទៅបុករថយន្ត BMW ថែមទៀត

ភ្នំពេញ: កាលពីវេលាម៉ោង ០៩ និង ៣៧នាទីយប់ថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២១ នៅខាងកើតស្ពានអាកាស៥មករា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានបង្កឲ្យមានការភ្ញាក់ផ្អើល។

ដំណើររឿង៖ ដំបូងទ្បើយគេឃើញបុរសម្នាក់ បើកម៉ូតូកង់បីឥណ្ឌា ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ កណ្តាល 1AH-8341 ធ្វើដំណើរពីលិចទៅកើត ចុះពីលើស្ពានអាកាស ៥មករា ជាមួយល្បឿនយ៉ាងលឿន។ នៅមកដល់ចំណុចកើតហេតុ មិនប្រយ័ត្នក៏រេចង្កូចទៅខាងឆ្វេងដៃប៉ះនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យអ្នកបើកធ្លាក់បោកផ្ទប់នឹងរបាំងថ្ម រងរបួសធ្ងន់។

ដោយទ្បែកម៉ូតូកង់បីវិញ មិនទាន់អស់ល្បឿនទេ បានបន្តទៅមុខប្រហែលជា ១០០ ម៉ែត្រ ទៅបុករថយន្តBMWមួយគ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AF-6081 ដែលចតស្ងៀមនៅលើផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ ទាក់ទងទៅជំនាញ ឲ្យចុះវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់។ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ៕

មតិយោបល់