រថយន្តឡិចស៊ីសស៊េរីទំនើប ផ្លាកលេខភ្នំពេញ 2BJ 9372 បោះពួយយ៉ាងលឿន បុកទ្រូងផ្លូវពេញទំហឹងទៅមុខលែងរួច

ភ្នំពេញៈ បុរសម្នាក់បើកបររថយន្តមួយគ្រឿង ងោកមួយភាំង ជ្រុលទៅបុកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តខូចខាត មួយកំណាត់មុខយ៉ាងដំណំ សំណាងល្អមិនមានអ្នករបួស កាលវេលាម៉ោង២និង១០នាទីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១
ស្ថិតតាមបណ្ដោយផ្លូវសហពន្ធ័រុស្ស៊ី ចំណុចស្ដុបក្ដាន់ពីរ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើត បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើបម៉ាកឡិចស៊ីស NX200t ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BJ 9372 ធ្វើដំណើរទិសដៅពីកើតទៅលិច បោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ងោកមួយភាំងជ្រុលទៅបុកទ្រូងផ្លូវបាក់១កង់ រថយន្តបន្តដំណើរបានប្រមាណ១០០ ម៉ែត្រទៅមុខលែងរួច រថយន្តខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ទាក់ទងជំនាញមកស្ទូចរថយន្តបង្ក ទៅការិយាល័យចរាចរណ៍ផ្លូវគោកក្រុងរង់ចាំឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕

មតិយោបល់