ព័ត៌មានជាតិ

យុវជនម្នាក់ជិះម៉ូតូលឿន ដល់ចំណុចផ្លូវកោង ជ្រុលបុកខឿនផ្លូវពេញទំហឹង បណ្ដាលឲ្យបែកក្បាលស្លាប់ ក្នុងថ្លុកឈាមគួរឲ្យរន្ធត់

ភ្នំពេញ: យុវជនម្នាក់បានបែកក្បាលស្លាប់គួរឲ្យអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូលឿនពេក មិនប្រយត្ន័ ជ្រុលទៅបុកខឿនផ្លូវ បណ្ដោយឲ្យហោះលើចិញ្ចើម កាលវេលាម៉ោង១២និង៥០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១
ស្ថិតតាមបណ្ដោយវិថីព្រះស៊ីសុវត្ថិ ចំណុចជិតមហោស្រប ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនខាងលើ ជិះម៉ូតូឌ្រីមសង់០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1IE 3585 ធ្វើដំណើរទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើ ដោយស្ថានភាពផ្លូវកោងផងនោះ បានជ្រុលទៅបុកខឿនផ្លូវពេញទំហឹង បណ្ដាលឲ្យមនុស្ស និងម៉ូតូហោះទៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យបែកក្បាលស្លាប់ ក្នុងថ្លុកឈាមគួរឲ្យរន្ធត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញខណ្ឌ ចុះធ្វើកំណត់ហេតុរួចទាក់ទងក្រុមគ្រួសារ មកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ។

ដោយឡែកម៉ូតូរងគ្រោះត្រូវសមត្ថកិច្ច យកទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌដូនពេញរង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ និងប្រគល់ជូនវិញ៕

មតិយោបល់