ព័ត៌មានជាតិ

ជនជាតិចិន បើករថយន្តស៊េរីទំនើបយ៉ាងលឿន បុកម៉ូតូជិះឆ្លងផ្លូវ បណ្តាលឲ្យបុរសម្នាក់រងគ្រោះបាក់ជើងម្ខាង

ភ្នំពេញ: នៅវេលាម៉ោង១១និង២៣នាទីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តស៊េរីទំនើប១គ្រឿង បើកបរលឿន បានជ្រុលបុកម៉ូតូបើកឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់បុរសម្នាក់ ស្ថិតតាមបណ្ដោយផ្លូវលេខ២០៥ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញម៉ូតូ១គ្រឿងម៉ាក សង់ឌ្រីមស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រៃវែង 1E-9504 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៥ ។ លុះបើកបរមកដល់ចំណុចកើតហេតុ ត្រង់ចំណុផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តស៊េរីទំនើប១គ្រឿងម៉ាក RANGE ROVER ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AN-3552 បើកបរដោយបុរសជនជាតិចិនម្នាក់ តាមបណ្ដោយផ្លូវលេខ២៨៦ ពីកើតទៅលិចក្នុងល្បឿន១យ៉ាងលឿន បានជ្រុលបុកម៉ូតូបើកឆ្លងកាត់ផ្លូវពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងគ្រោះបាក់ជើងម្ខាង ។ ភ្លាមៗនោះដែរ ជនរងគ្រោះត្រូវបានរថយន្ត មកដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យ ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំដោះស្រាយគ្នា នៅពេលក្រោយតាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់