ព័ត៌មានជាតិ

បាយផ្ទះមិនឆ្ងាញ់! ចេះរកនឹកបង្ហោះរូបភាពអាសអាភាសសង្សារនិងគំរាមកំហែងយកប្រាក់និងសម្លាប់ មានអីខ្នោះ

ភ្នំពេញ: យោងតាមផេករបស់អគ្គស្នងការដ្ឋានគរបាលជាតិបានឲ្យដឹងថា យុវជនសង្ស័យម្នាក់ត្រូវបាននគរបាលខណ្ឌដង្កោចាប់ឃាត់ខ្លួនក្រោយយុវជនរូបនេះបានផ្ញើសារសំឡេងតាមទូរស័ព្ទ(messenger)គំរាមទារប្រាក់ពីនារីជាសង្សារជាថ្នូរនឹងការមិនបង្ហោះរូបអាសអាភាសរវាងជនរងគ្រោះនិងជនសង្ស័យធ្លាប់បានគេងជាមួយគ្នានិងគំរាមសម្លាប់ថែមទៀតដោយជនសង្ស័យខឹងជនរងគ្រោះដើរលេងជាមួយបុរសម្នាក់ជាសង្សារថ្មី។
យុវជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីម៉ោង១និង៣០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១​ ស្ថិតនៅចំណុចកន្លែងលាងម៉ូតូភូមិខ្វា សង្កាត់ដង្កោ រាជធានីភ្នំពេញ ដោយអនុវត្តតាមបណ្តឹងរបស់នារីរងគ្រោះ។
បើតាមសេចក្តីរាយការណ៍ពីអធិការដ្ឋាននគរបាលខណ្ឌដង្កោឱ្យដឹងថាកាលពីរសៀលថ្ងៃទី១៧ខែមករាឆ្នាំ២០២១ជនសង្ស័យឈ្មោះសឿ សារ៉ន ហៅរាជសុវណ្ណារាជ អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប្រកបមុខរបរបុគ្គលិកក្រុមហ៊ុននាំពលករខ្មែរទៅប្រទេសជប៉ុនបានទូរស័ព្ទគំរាមនារីរងគ្រោះឈ្មោះហ.សត អាយុ៣១ឆ្នាំ ធ្វើការក្នុងក្រុមហ៊ុនជាមួយគ្នាដោយគំរាមថានឹងបង្ហោះរូបភាពអាសអាភាសដែលខ្លួនដេកជាមួយនាងកាលពីអំឡុងចុងឆ្នាំ២០២០និងគំរាមសម្លាប់នារីរងគ្រោះនិងបានជេរប្រមាថប្រើពាក្យធ្ងន់ៗជាច្រើនទៀតខណ:ដែលនារីរងគ្រោះបានដើរលេងជាមួយបុរសម្នាក់ទៀតនៅភ្នំតាម៉ៅ ខេត្តតាកែវ។
សេចក្តីរាយការណ៍ពីអធិការដ្ឋាននគរបាលខណ្ឌដង្កោឲ្យដឹងទៀតថាកាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២០ ជនរងគ្រោះធ្លាប់ត្រូវបានជនសង្ស័យនាំទៅលេងផ្ទះនៅខេត្តកំពង់ចាម ហើយជនសង្ស័យក៏បានរៀបចំបន្ទប់ឲ្យជនរងគ្រោះដេករួចធ្វើធ្វើសកម្មភាពចាប់បង្ខំរួមភេទបានសម្រេច០១លើកនិងលួចថតរូបភាពនៅពេលដេកជាមួយគ្នានោះតាមទូរស័ព្ទ។នៅពេលនោះជនសង្ស័យក៏បានគំរាមជនរងគ្រោះថាបើហ៊ានប្តឹងឬទៅប្រាប់អ្នកដទៃរូបគេនឹងបង្ហោះរូបភាពនេះចូលក្នុងហ្វេសប៊ុកឲ្យផ្អើលតែម្តង។ដោយបានរូបភាពនឹងដៃបែបនេះហើយជនសង្ស័យក៏បានតម្រូវឱ្យជនរងគ្រោះទិញម៉ូតូម៉ាកPGX០១គ្រឿងតម្លៃ២៥០០ដុល្លារទៅឱ្យជនសង្ស័យបើមិនធ្វើតាមទេរូបគេនឹងយករូបភាពនេះទៅបង្ហោះ។ជនរងគ្រោះខ្លាចខ្មាស់គេក៏បានទិញម៉ូតូតាមការចង់បានរបស់ជនសង្ស័យដោយធ្វើការបង់រំលស់រយ:ពេល០៣ឆ្នាំ។
សមត្ថកិច្ចបន្តថាបន្ទាប់មកនៅថ្ងៃខាងលើដោយការគំរាមកំហែងនិងគាបសង្កត់ពីជនសង្ស័យខ្លាំងពេកជនរងគ្រោះទ្រាំពុំបានក៏សម្រេចចិត្តប្តឹងរាយការណ៍ទៅសមត្ថកិច្ចដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឆ្លើយសារភាពថាខ្លួនពិតជាបានផ្ញើសារជេរប្រមាថនិងគំរាមជនរងគ្រោះដោយវត្ថុតាងតាមរយ:សំឡេងផ្ញើសារនៅក្នុងទូរស័ព្ទមិនអាចប្រកែកបាន។
នៅថ្ងៃទី១៩ ខែមករាជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅតុលាការចាត់ការតាមផ្លូវច្បាប់ដោយរងការចោទប្រកាន់ពីបទគំរាមកំហែងដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ៕

 

មតិយោបល់