កណ្តាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ០៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី លើកំណាត់ផ្លូវជាតិលេខ០៤ ចំណុចស្តុបផ្លូវបំបែកផ្សារថ្នល់ទទឹង ស្ថិតនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ចន្លោះគីឡូម៉ែត្រ ៣០-៣១ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងមានការសម្របសម្រួលឯកភាពពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល កម្លាំងសណ្ដាប់ធ្នាប់ចរាចរណ៍បានធ្វើការឃាត់រថយន្ត ០១គ្រឿង ម៉ាកហ៊ីណូ (ប្រភេទសណ្ដោងរ៉ឺម៉ក) ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ ៣E-៦១៦០ បើកបរដោយឈ្មោះ នុត សម្បត្តិ ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅភូមិបន្លាស្អិត ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបើកបរមកពីទិសខាងកើតទៅលិច (ភ្នំពេញ-ព្រះសីហនុ) ក្នុងស្ថានភាពរេចុះរេឡើងឆាបកៀរម៉ូតូ និងរថយន្តដែលធ្វើដំណើរតាមដងផ្លូវនាំអោយខូចសណ្ដាប់ធ្នាប់ចរាចរណ៍នៅលើដងផ្លូវ។
ក្រោយពេលឃាត់រថយន្ត និងអ្នកបើកបរមកដល់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល កម្លាំងជំនាញចរាចរណ៍បានពិនិត្យឃើញថា រថយន្តខាងលើមានឯកសារដូចខាងក្រោម៖
១.ប័ណ្ណសំគាល់យាន្ត(កាតគ្រីរថយន្ត)
២.ប័ណ្ណសំគាល់ស៊ីមីរ៉ឺម៉ក(កាតគ្រីរ៉ឺម៉ក)
៣.វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត (ឈៀករថយន្ត)
៤.លិខិតអនុញ្ញាតឲ្យយាន្តយន្តធ្វើអាជីវកម្មដឹកជញ្ជូនទំនិញ
ដោយឡែកឯកសារខ្វះដូចខាងក្រោម៖
១.គ្មានប័ណ្ណបើកបរ (បាត់មិនទាន់ធ្វើឡើងវិញ)។
ក្រោយពេលពិនិត្យឯកសាររថយន្តចប់ កម្លាំងជំនាញផ្នែកគ្រឿងញៀន នៃអធិការដ្ឋានស្រុកអង្គស្នួល បានធ្វើតេស្តទឹកនោម រកមើលសារធាតុញៀន ជាលទ្ធលឃើញថា អ្នកបើកបររថយន្តខាងលើមានផ្ទុកសារធាតុញៀនពិតប្រាកដមែន។
បច្ចុប្បន្នអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីបន្តនីតិវិធី៕
មតិយោបល់