ព័ត៌មានជាតិ

ជនសង្ស័យ​ម្នាក់​ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ​ករណី​គំរាម​​សម្លាប់ក្មេងស្រីសិស្សសាលា​

​កណ្តាលៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ ពាក់ព័ន្ធ​ករណី​ គំរាមកំហែង​ថា​នឹង​សម្លាប់​ទៅ​លើ​ក្មេង​ស្រី​ម្នាក់​ ។​

​ជន​រង​គ្រោះ​មានឈ្មោះ​ បូ​រិ​ន​ ស្រី​លី​ន​ ភេទ​ស្រី​ អាយុ​១៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​សិស្ស​ មាន​ទីលំនៅ​ភូមិ​អូ​រំចេក​ ឃុំ​ស្វាយ​ប្រទាល​ ស្រុក​ស្អាង​ ខេត្តកណ្ដាល​ ។​ ជនសង្ស័យ​ឈ្មោះ​ ស៊ន​ រតនា​ (​ហៅ​ទន់​)​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ភូមិ​អូ​រំចេក​ ឃុំ​ស្វាយ​ប្រទាល​ ស្រុក​ស្អាង​ ខេត្តកណ្ដាល​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ ថ្ងៃ​ទី​២១​ ខែមករា ​ឆ្នាំ​២០២១​ វេលា​ម៉ោង​១៣​និង​០០​នាទី​ នៅ​ចំណុច​ភូមិ​អូ​រំចេក​ ឃុំ​ស្វាយ​ប្រទាល​ ស្រុក​ស្អាង​ ខេត្តកណ្ដាល​។​

​វត្ថុ​តាង​ចាប់​យក​៖​ កាំបិត​ផ្គាក់​០១​ ផ្លែ​ដែក​ ដង​ឫស្សី​មាន​ប្រវែង​ ៥៧​សង្ទីម៉ែត្រ​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ​កន្លង​មក​ជនសង្ស័យ​តែងតែ​ផឹកស៊ី​ឡូឡា​ ចាក់​ធុងបាស​ឮៗ​ បង្ក​ការ​រំខាន​
​ដល់​ក្រុម​គ្រួសារ​ និង​អ្នក​ជិតខាង​ជា​ខ្លាំង​ ។​ រហូត​មក​ដល់​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ប្រហែលជា​១១​និង​០០​នាទី​ព្រឹក​ ជនសង្ស័យ​បាន​ស្រវឹងស្រា​ ហើយ​បាន​យក​កាំបិត​ផ្គាក់​យក​មក​កាប់​គ្រែ​ និង​ទូរទស្សន៍​របស់​ម្ដាយ​ខ្លួន​ ហើយ​ថែម​ទាំង​ស្រែក​សំឡុត​ និង​គំរាម​ម្ដាយ​របស់​ខ្លួន​ បណ្ដាល​ឱ្យ​ម្ដាយ​ភ័យ​ជា​ខ្លាំង​ ។​

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​ប៉ុស្ដិ៍​ ហើយ​ស្ត្រី​ជា​ម្ដាយ​បាន​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ធ្វើ​កិច្ចសន្យា​អប់រំ​ត្រឹម​ប៉ុស្តិ៍​ ។​ បន្ទាប់​ពី​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ធ្វើការ​អប់រំ​ជនសង្ស័យ​រួច​ ក៏​បាន​ឲ្យ​ជន​​សង្ស័យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ក៏​ប៉ុន្តែ​ពេល​ដែល​សមត្ថកិច្ច​អនុញ្ញាត​ឲ្យ​ជន​​សង្ស័យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ជន​ស​ង្ស័​​យ​ មិន​គោរព​ និង​ធ្វើ​តាម​កិច្ចសន្យា​របស់​សមត្ថកិច្ច​ទេ​ ថែម​ទាំង​បន្ត​ការ​ផឹកស៊ី​ និង​ស្រែក​ឡូឡា​ និង​ចាក់​ធុងបាស់​ឮៗ​ បង្ក​ការ​រំខាន​ដល់​អ្នក​ជិត​​ខាង​ជា​ខ្លាំង​ ។​

សមត្ថកិច្ចបន្តថា រហូត​មក​ដល់​វេលា​ម៉ោង​ ១៣​និង​០០​នាទី​ ថ្ងៃខែ​ឆ្នាំ​ដដែល​ ឈ្មោះ​ បូ​រិ​ន​ ស្រី​លី​ន​ (​ជន​រង​គ្រោះ​)​ បាន​ត្រឡប់​មក​ពី​សាលារៀន​វិញ​ជា​ធម្មតា​ ដោយ​កន្លង​​មក​ក្រុម​គ្រួសារ​របស់​ជនសង្ស័យ​ និង​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​​ធ្លាប់​មាន​ទំនាស់​នឹង​គ្នា​ ខណៈ​ដែល​ជន​រង​គ្រោះ​កំពុង​ជិះ​កង់​ចូល​​ក្នុងផ្ទះ​ ស្រាប់តែ​ឈ្មោះ​ ស៊ន​ រតនា​ (​ហៅ​ទន់​)​ ដែល​ជា​ជនសង្ស័យ​ បានឃើញ​ជន​រង​គ្រោះ​ បាន​យក​កាំបិត​ផ្គាក់​គប់​លើ​ជន​រង​គ្រោះ​តែ​ម្ដង​ ប៉ុន្តែ​ដោយ​កាំបិត​បាន​ទាក់​នឹង​សំណាញ់​របង​ ទើប​មិន​បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​រង​របួស​ទេ​ ហើយ​ថែម​ទាំង​បាន​និយាយ​គំរាមកំហែង​រក​ដុត​ផ្ទះ​ជន​រង​គ្រោះ​ថែម​ទៀត​ផង​ ។​ ពេល​នោះ​ជន​រង​គ្រោះ​មានការ​ភិតភ័យ​យ៉ាង​ខ្លាំង​បាន​យក​រឿង​ទាំងអស់​ទៅ​​ប្រាប់​ឪពុក​របស់​ខ្លួន​ ។​ ពេល​នោះ​ឪពុក​ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យ​ប​ណ្ដឹ​​ង​ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្វាយ​ប្រទាល​ ឲ្យ​ជួយ​អន្តរាគមន៍​ ។​

​ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្វាយ​ប្រ​ទា​​ល​ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ បាន​ធ្វើការ​ចាប់​យក​វត្ថុ​តាង​ និង​បាន​​នាំ​ខ្លួន​ជនសង្ស័យ​មក​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សាកសួរ​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ រួម​ទាំង​វត្ថុ​តាង​ បាន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ ដើម្បី​កសាង​សំណុំរឿង​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​ ៕

មតិយោបល់