កណ្តាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ស្រាវជ្រាវឃាត់ខ្លួនបាន ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស រំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូអ្នកដទៃយកទីបញ្ចាំ) ។
ជនសង្ស័យឈ្មោះ លុយ មករា ហៅម៉ាប់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (មានសារធាតុញៀនក្នុងទឹកនោម) ។ បានធ្វើសកម្មភាពចំនួន៣លើក ៖
លើកទី១ ៖ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៦និង៣០នាទីព្រឹក នៅចំណុចតាមផ្លូវភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានខ្ចីម៉ូតូឈ្មោះ អះ អារីមុស្លឹម ភេទប្រុស ជនជាតិខ្មែរឥស្លាម អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ កម្មកររោងចក្រ។
លើកទី២ ៖ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២០និង៣០នាទី នៅចំណុចតាមផ្លូវភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានខ្ចីម៉ូតូឈ្មោះ រុន ចាន់រិទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ បើកបរ ។
លើកទី៣ ៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២១និង៣០នាទី ចំណុចតាមផ្លូវភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានខ្ចីម៉ូតូឈ្មោះ ជាង ចន្ទវិរៈ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរ លក់ដូរ ។
សម្ភារៈបាត់បង់៖ ១-ម៉ូតូ០១គ្រឿងម៉ាកហុងដា សេ125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខភ្នំពេញ 1CL-9154 ។ ២-ម៉ូតូ០១គ្រឿងម៉ាក Honda Beat ពណ៌ ផ្កាឈូក ពាក់ផ្លាកលេខភ្នំពេញ1II-3042 និង៣-ម៉ូតូម៉ាកគ្រឿង BMW ពណ៌សខ្មៅ គ្មានផ្លាកលេខ ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យបានខ្ចីម៉ូតូរបស់ជនរងគ្រោះដោយប្រាប់ថា ខ្ចីជិះទៅទិញអីញ៉ាំមួយភ្លែត ហើយបានក៏បានជិះយកទៅដាក់បញ្ចាំនៅផ្សារឃ្លាំងរំសេវ បានលុយ៣០០ដុល្លារ លេងល្បែង និងទិញថ្នាំញៀនជក់អស់ទៅ ។ លុះមកដល់ថ្ងៃទី២២ខែ០១ឆ្នាំ២០២១ ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ គឺរូបគេបានធ្វើសកម្មភាពខ្ចីម៉ូតូរបស់ជនរងគ្រោះយកទៅបញ្ចាំចំនួន០៣ដង ដូចខាងលើប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់