បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥និង០០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្លូវកោងលើកំណាត់ផ្លូវក្រាលកៅស៊ូ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោសួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍បានឲ្យដឹងថា ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ក្រហម ពាក់ផ្លាកលេខ ប.មានជ័យ 1H-1303 បើកបរដោយឈ្មោះ រឿង រ៉ាវុធ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិត្រសេកជុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ អ្នករួមដំណើរឈ្មោះ គល់ ផានី ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិរង្វាន់លិច ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោកនាយរងការិយាល័យ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ ភាគីម៉ូតូធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចកើតហេតុ ជាចំណុចផ្លូវកោង បានជ្រុលចង្កូតបុករថយន្តមួយគ្រឿងម៉ាកនីសាន់ ប្រភេទដឹកទំនិញពណ៌បៃតង ពាក់ផ្លាកលេខ បាត់ដំបង 2A-7217 ធ្វើដំណើរបញ្ច្រាសទិសគ្នាចំពីមុខពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែង ចំណែកអ្នករួមដំណើររងរបួសធ្ងន់ ។
បន្ទាប់ពីកើតហេតុ អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួន បន្សល់រថយន្តនៅកន្លែងកើតហេតុ ។
បច្ចុប្បន្ន មធ្យោបាយទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ៕


មតិយោបល់