ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ សុំលុយអតីតប្រពន្ធមួយម៉ឺនរៀលមិនបាន ស្ទុះចាប់កូនប្រុសតូច យកកាំបិតភ្ជង់ក គំរាមសម្លាប់

កណ្តាល: នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២ និង១៥នាទី មានករណីជនសង្ស័យម្នាក់ សុំលុយអតីតប្រពន្ធមួយម៉ឺនរៀលមិនបាន ស្រាប់តែចាប់កូនប្រុសតូច យកកាំបិតភ្ជង់កគំរាមសម្លាប់ នៅមុខរោងចក្រផលិតស្បែកជើង មួយកន្លែង បង្កឲ្យមាការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ចុះមកឃាត់ខ្លួន នៅចំណុចភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ស សុខហេង ភេទប្រុស អាយុ០២ឆ្នាំ១ខែ ត្រូវជាកូនបង្កើតរបស់ឈ្មោះ ឃឿន ស្រីនោ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខកសិករ នៅភូមិត្រពាំងនំ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យឈ្មោះ មុត សុវណ្ណ ហៅចិន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវឃាត់ខ្លួន។ ករណីនេះបណ្តាលឲ្យជនរងគ្រោះមានការភ័យខ្លាចជាខ្លាំង។

វត្ថុតាងចាប់យកបានរួមមាន៖ ១/កូនកាំបិតមុខស្រួចដងជ័រចំនួន០១ នឹងកូនកាំបិតមុខស្រួចបត់ចំនួន០១ ។
២/ ដែកមុខស្រួចដងជ័រចំនួន០១ និងកូនកន្រ្តៃមុខស្រួចបត់ចំនួន០១ ។ ៣/ ដែកកេះពណ៌ក្រហមចំនួន០១ និងដបដាក់សាំងចំណុះកន្លះលីត្រចំនួន០១។

សភាពនៃរឿងហេតុ៖ នៅមុនពេលកើតហេតុ ជនសង្ស័យបានដើរចេញពីផ្ទះនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ហើយទៅរកអតីតប្រពន្ធរបស់ខ្លួន ដែលធ្វើការងារក្នុងរោងចក្រផលិតស្បែកជើង ស្ថិតក្នុងភូមិពងទឹក​ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីសុំលុយចំនួនមួយម៉ឺនរៀល (១០,០០០រៀល) ទុកសម្រាប់ចាយ ។ ពេលជនសង្ស័យដើរទៅដល់មុខរោងចក្រ ក៏ស្រែកហៅឈ្មោះប្រពន្ធ ពេលនោះក៏ឃើញប្រពន្ធដើរចេញមក ហើយក៏ដើរចូលទៅក្នុងវិញទៅ ហើយជនសង្ស័យនៅឈរ ស្រែកឡូឡានៅខាងមុខរោងចក្រនោះ ។ បន្ទាប់មកខាងរោងចក្រ បានទូរស័ព្ទទៅប្ដឹងសមត្ថកិច្ច ប៉ុស្ដិ៍ដំណាក់អំពិល, ពេលនោះជនសង្ស័យឃើញសមត្ថកិច្ចមកដល់ក៏រត់គេច ហើយចាប់ខ្លួនកុមាររងគ្រោះ នឹងយកកូនកាំបិតភ្ជង់នឹងក ហើយគំរាមថានឹងសម្លាប់បើមិនដោះលែងខ្លួនទេនោះ។

បន្ទាប់មកសមត្ថកិច្ច បានលួងលោមជនសង្ស័យ ពេលជនសង្ស័យភ្លេចខ្លួន សមត្ថកិច្ចក៏បានចូលទៅចាប់ខ្លួនជនសង្ស័យ នឹងជួយសង្រ្គោះក្មេង ហើយដកហូតយកវត្ថុតាងបានមួយចំនួន ។ ចំពោះជនសង្ស័យខាងលើ ជាមុខសញ្ញាធ្លាប់ប្រើប្រាស់ នូវសារធាតុញៀនផងដែរ។

ករណីនេះកម្លាំងសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ដើម្បីបន្តចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់