ព័ត៌មានជាតិ

សុំខ្ចីម៉ូតូមួយភ្លេត ជិះយកទៅបាត់រហូត ទីបំផុតជាប់ខ្នោះរបស់សមត្ថកិច្ច

បាត់ដំបង: នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៣និង៣០នាទី នៅចំណុចភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង អនុវត្តតាមមតិណែនាំរបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួល ទៅលើនីតិវិធីពីឯកឧត្ដម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានចាត់តាំងលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការ បង្ក្រាបសហការជាមួយកម្លាំង នគរបាលអធិការដ្ឋាននគរបាលស្រុកសង្កែ ចុះប្រតិបត្តិការបង្ក្រាបករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូ)០១ករណីនិងបានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ សយ កុសល់ ភេទប្រុស អាយុ២៦ឆ្នាំ ទីកន្លែងកំណើតភូមិសិង្ហ ឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវ រីឯទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ ។

សូមជម្រាបជូនថាកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ វេលម៉ោង១៤និង០០នាទី នៅចំណុចមុខផ្សារទំនើប ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ជនសង្ស័យខាងលើបានធ្វើសកម្មភាពខ្ចីម៉ូតូ របស់ជនរងគ្រោះឈ្មោះ ជ័យ មីតួ ភេទប្រុស អាយុ២១ឆ្នាំ ទីកន្លែងកំណើតខេត្តព្រះវិហារ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិអង់សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ក្រោយពេលម្ចាស់ម៉ូតូឱ្យខ្ចីហើយ ជនសង័្សយបានជិះយកទៅបាត់រហូត ដោយមិនយកមកប្រគល់ឱ្យម្ចាស់វិញឡើយ ។

ដោយមិនមានសង្ឃឹមថា ជនសង័្សយយកម៉ូតូមកប្រគល់ឱ្យខ្លួនវិញ ជនរងគ្រោះបានដាក់ពាក្យបណ្តឹង ចូលមកសមត្ថកិច្ចនគរបាល ហើយឆ្លងតាមរយ:ការស្រាវជ្រាវស៊ើបអង្កេតរបស់សមត្ថកិច្ច ទើបឈានដល់ការឃាត់ខ្លួន ជនសង័្សយខាងលើ និងដកហូតបានម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ លេខតួ-ម៉ាស៊ីន5448212 ពាក់ផ្លាកលេខព្រះវិហារ 1D6062 ជារបស់ជនរងគ្រោះ ។

បច្ចុប្បន្នការិយាល័យជំនាញ បានកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង័្សយទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់