ព័ត៌មានជាតិ

ព្រំដីជាប់គ្នា! ភាគីម្ខាងចាក់ទឹកលើថូផ្កា ហៀរចូលមកមុខផ្ទះម្ខាងទៀត បណ្តាលឲ្យកើតទំនាស់ពាក្យសម្តីដាក់គ្នា

ភ្នំពេញ: យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក បានចុះជួយអន្តរាគមន៍ករណីឈ្លោះប្រកែកគ្នារវាងអ្នកជិតខាង បន្ទាប់ពីទទួលបានព័ត៌មានពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ តាមរយ:លេខទូរសព្ទទាន់ហេតុការណ៍ លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានបញ្ជាទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ចុះទៅដល់គោលដៅកើតហេតុភ្លាមៗ នៅចំណុផ្ទះលេខ១០និង១៦ ផ្លូវ១៩៧ Z ក្រុម២១ ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។
ហេតុការណ៍នេះ កើតឡើងបណ្តាលមកពីទំនាស់ព្រំដីជាប់គ្នា ភាគីម្ខាងដែលមានថូផ្កានៅព្រំដី ហើយបានចាក់ទឹកលើថូផ្កានោះ មានហៀរទឹកចូលមកមុខផ្ទះភាគីម្ខាងទៀត ភាគីនេះក៏មានប្រតិកម្ម តបវិញ។

ហេតុការណ៍ខាងលើនេះគឺជាការទំនាស់ដោយពាក្យសំដីទៅវិញទៅមក មិនមានការប្រើអំពើហិង្សានោះទេ ជាមួយគ្នានោះដែរ សមត្ថកិច្ចបានធ្វើការសម្របសម្រួលដោយភាគីម្ខាងយល់ព្រមរំកិលថូផ្កា មិនឲ្យជាន់លើព្រំនឹងឲ្យបោសជូតទឹកឲ្យស្អាតវិញ។

បច្ចុប្បន្នភាគីទាំងពីរបានទទួលយល់ព្រមតាមសមត្ថកិច្ច ហើយភាគីទាំងពីរក៏បានរំសាយចូលផ្ទះវិញរៀងៗខ្លួន ៕

មតិយោបល់