ព័ត៌មានជាតិ

រថយន្តបុកម៉ូតូបណ្ដាលឲ្យមនុស្សស្រីម្នាក់ស្លាប់ នៅស្រុកមុខកំពូល

កណ្ដាល: នៅថ្ងៃអាទិត្យ ១១កើត ខែមាឃ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៩និង០៨នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូបណ្តាលឲ្យស្លាប់មនុស្សម្នាក់ លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែតលេខ២៩-៣០ ត្រង់ចំណុចភូមិព្រែកយាយហ៊ិន២ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្ដកណ្ដាល។។

  • ខូចខាតរថយន្ត ០១គ្រឿងនិងម៉ូតូ០១គ្រឿង។

សភាពនៃរឿងហេតុ៖ នៅថ្ងៃកើតហេតុខាងលើមានរថយន្តមួយគ្រឿងម៉ាក ហ៊ីយិនដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3B8359 បើកបរដោយឈ្មោះ ផេង ផា ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានគេចពីរថយន្តធន់ធំមួយគ្រឿង មិនស្គាល់ម៉ាកដែលកំពុងបត់ឆ្វេង ហើយរថយន្តមកប៉ះរថយន្តបត់នោះបន្តិច រួចរថយន្តក៏ជ្រុលមកបុកម៉ូតូមួយគ្រឿងម៉ាក និច(Nex) ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1CG-5983 បើកបរដោយឈ្មោះ លន់ សុវ៉ាទី ភេទស្រី អាយុ ៣៦ឆ្នាំ មានីលំនៅភូមិបឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ធ្វើដំណើរពីត្បូង ទៅជើង(ពីឫស្សីជ្រោយទៅកំពង់ចាម ស្របទិសគ្នា) បណ្ដាលឲ្យស្លាប់អ្នកបើកបរម៉ូតូឈ្មោះ លន់ សុវ៉ាទី នៅកន្លែងកើតហេតុ។

ក្រោយពីទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍ឫស្សីជ្រោយ និងកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុហើយបានពិនិត្យកន្លែងកើតហេតុ និងវាស់វែង រួចបានយករថយន្តនិងម៉ូតូ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។
-ចំពោះសពជំនាញបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណី។
-ចំណែកអ្នកបើកបររថយន្តឈ្មោះ ផេង ផា បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។

សេចក្តីសន្និដ្ឋាន ដោយអ្នកបើកបររថយន្ត ហ៊ីយិនដាយពាក់ផ្លាកលេខ ភ្នំពេញ 3B8359 បើកបរលឿនខ្វះការប្រុងប្រយ័ត្ន៕

មតិយោបល់