ព័ត៌មានជាតិ

ពលរដ្ឋ៤នាក់​ នាំគ្នាកាប់យកដង្កូវដួងនៅក្នុងដើមត្នោត មកបំពងខ្លាញ់ហូបបាយ រួចមានអាការពុលស្លាប់ម្នាក់

ព្រះវិហារៈ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៥និង០០នាទីល្ងាច មានករណីប្រជាពលរដ្ឋចំនួន៤នាក់ បាននាំគ្នាដើរទៅកាប់យកសត្វដង្កូវដួង ដែលនៅក្នុងដើមត្នោត យកមកបំពងខ្លាញ់ហូបជាមួយបាយ ស្រាប់តែមានអាការពុលល្ងីល្ងើ និងរាគ បណ្តាលឲ្យស្លាប់ម្នាក់ ស្ថិតនៅក្នុងភូមិសែនគង់ ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។

ជនរងគ្រោះចំនួន៤នាក់៖ ១-ឈ្មោះ ម៉ៅ លាន ភេទប្រុស អាយុ២៨ឆ្នាំ ( ស្លាប់) ,២-ឈ្មោះ ប៉ុយ វីន ភេទប្រុស អាយុ២៨ឆ្នាំ
៣-ឈ្មោះ ឌឹម សុភា ភេទប្រុស អាយុ១៥ឆ្នាំ, ៤-ឈ្មោះ ប្រាជ្ញ ពិសី ភេទប្រុស អាយុ៩ឆ្នាំ ។

ដំណើរនៃរឿងហេតុ៖ នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំងបួននាក់ខាងលើនោះ បាននាំគ្នាទៅកាប់ដួងនៅក្នុងដើមត្នោត បានប្រហែល១គីឡូក្រាម រួចនាំគ្នាយកទៅបំពងខ្លាញ់ ហើយយកទៅហូបជាមួយនឹងបាយទាំង៤នាក់ ។ ក្រោយពេលហូបបាយរួច បានប្រហែលជា២ម៉ោងទាំង៤នាក់នោះ ស្រាប់តែមានអាការធ្វើទុក្ខក្នុងខ្លួន បណ្តាលឲ្យល្ងីល្ងើ និងរាគអាចម៍ទាំងបួននាក់ ។ ពេលនោះឈ្មោះ ប៉ុយ វីន ឈ្មោះ ប្រាជ្ញ ពិសី និងឈ្មោះ លឹម សុភាព បានយកផ្លែក្រូចឆ្មារច្របាច់ដាក់នឹងទឹកក្តៅផឹកបន្សាប ។ ដោយឡែកឯឈ្មោះ ម៉ៅ លាន មិនបានផឹកទឹកក្រូចឆ្មារបន្សាបដូចគេនោះទេ លុះរហូតមកដល់វេលាម៉ោង២និង០០នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ទើបនាំយកមកមណ្ឌលសុខភាពចំរើន ប៉ុន្តែមិនទាន់ទាំងដល់មណ្ឌលសុខភាពនោះផង ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់នៅតាមផ្លូវ ។

មូលហេតុ៖ បណ្តាលមកពីពុលដង្កូវដួង ដែលកាប់យកមកពីក្នុងដើមត្នោត ។

ក្រោយពេលកើតហតុ សមត្ថកិច្ចជំនាញនៅមូលដ្ឋានបានចុះទៅពិនិត្យ ធ្វើកោសល្យវិច័យសាកសព រួចបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារ ពុលដង្កូវដួងនោះពិតប្រាកដមែន ។ ហើយក្រុមគ្រួសារបានរៀបចំធ្វើបុណ្យសពតាមប្រពៃណី៕

មតិយោបល់