ព័ត៌មានជាតិ

ម្ចាស់ខំប្រឹងសន្សំលុយ យករថយន្តទៅធ្វើ ស្រាប់តែបើកជាប់ចង្កូតបុករបាំងថ្ម រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: រថយន្តម៉ាកCRV មួយគ្រឿង ដែលម្ចាស់ស់អះអាងថា ជាប់ចង្កូត បានជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់១កង់ ហើយរថយន្តខ្ទេចមុខ រងការខូចខាត ខណ:ពេលដែលម្ចាស់ បើករថយន្តទៅរកជាងធ្វើ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៩និង ១០នាទីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅចំណុច ផ្លូវកម្ពុជាក្រោម ក្រោយវិមានសន្តិភាព ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

រថយន្តម៉ាក CRV ពណ៌ បៃតងចាស់ ពាក់ស្លាកលេខកំពង់ចាម ២A.២៧៨១ បើកបរដោយឈ្មោះ នូ វណ្ណ: ភេទប្រុស អាយុ៣៧ឆ្នាំ មុខ លក់ដូរ មានលំនៅផ្ទះលេខ២៨៦ ផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង់ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តជិះគ្នា២នាក់ ធ្វើដំណើរតាមផ្លូវកម្ពុជាក្រោម (ផ្លូវលេខ១២៨) ក្នុងទិសដៅពីកើតទៅលិច ដោយក្នុងល្បឿនយឺតល្មម ។ នៅពេល មកដល់កន្លែងកើតហេតុ មិនដឹងមូលហេតុអ្វីទេ ស្រាប់តែ ជ្រុលចង្កូតទៅបុកក្បាល របាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់១កង់ ហើយរថយន្តបានរងការខូចខាតខ្ទេចមុខ។

ប្រភពពីម្ចាស់អ្នកបើកបរ បានឲ្យដឹងថា រថយន្តនោះចាស់ហើយ ត្រូវបានគាត់ទុកចោល ប្រមាណ១ខែមកហើយដោយ ខំសន្សំលុយ ដើម្បីយកវាទៅធ្វើ ។ កាលពីម្សិលមិញ (ថ្ងៃទី២៤ ខែមករា ) ក៏បានបើកសាកហើយ ហើយរថយន្តចេះតែគាំងជាប់ចង្កូត ។ លុះនៅព្រឹកកើតហេតុនេះ ក៏បានបើករថយន្តមកពីព្រែកលៀប ក្នុងគោលបំណងយកទៅធ្វើនៅយានដ្ឋាន អ្នកស្គាល់គ្នាមួយកន្លែង នៅស្ទឹងមានជ័យ ដោយបើកយឺតៗ ក៏បានគាំងជាប់ចង្កូត ជ្រុលបុកក្បាលរបាំងថ្មតែម្តង ។

បន្ទាប់ពីគ្រោះថ្នាក់ នគរបាលបានចុះទៅស្ទួចយករថយន្តបញ្ជូន ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយ សងការខូចខាតទ្រព្យសម្បត្តិសាធារណរបស់រដ្ឋ ៕

មតិយោបល់