ព័ត៌មានជាតិ

នារី២នាក់បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូជ្រុលទៅបុករថយន្ត១គ្រឿងខណៈបត់ឆ្លងផ្លូវ

ភ្នំពេញៈ នារី២នាក់បានជិះម៉ូតូមួយគ្រឿងឌុបគ្នា ជ្រុលទៅបុករថយន្តម៉ាកព្រុស បណ្ដាលឲ្យដួលរបួសធ្ងន់សន្លប់ស្តូក នៅនឹងកន្លែង ត្រូវបានគេដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យកាលម៉ែត ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល តាមបណ្តោយផ្លូវជាតិលេខ៦ ចំណុចទល់មុខបុរីសុភមង្គល ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

រថយន្តម៉ាកព្រូស ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2BH 9679 បើកដោយបុរសម្នាក់ មិនត្រូវបានស្គាល់ឈ្មោះនោះទេ ។
ចំណែកម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខកណ្ដាល 1AH 60 29 ជិះឌុបគ្នាដោយនារី២ នាក់រងរបួសសន្លប់ នៅកន្លែងកើតហេតុ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ម៉ូតូបានជិះតាមបណ្ដោយផ្លូវជាតិលេខ ៦ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកព្រូស ពណ៌ក្រហមខាងលើ បើកឆ្លងផ្លូវក្នុងទិសដៅពីជើងទៅត្បូង ពេលនោះម៉ូតូបានអកហ្សើ ចាប់ហ្វ្រាង់មិនទាន់ ក៏ជ្រុលបុករថយន្ត បណ្ដាលឱ្យរងការខូចខាត រីឯនារី២នាក់នោះរងរបួសធ្ងន់ សន្លប់ស្តូកនៅនឹងកន្លែង ។

បន្ទាប់ពីកើតហេតុ ត្រូវបានគេលើកនារីទាំងពីរនាក់នោះ ដាក់តាមម៉ូតូកង់បីឥណ្ឌា ឆ្ពោះទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វា ចុះមកវាស់វែងយកទៅរក្សាទុក នៅប៉ុស្តិ៍ដើម្បីឲ្យដំណាងខាងនារីរងគ្រោះ និងភាគីខាងរថយន្តដោះស្រាយជាក្រោយ ៕

មតិយោបល់