ព័ត៌មានជាតិ

ករណីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២០ ធ្វើឲ្យគ្រោះថ្នាក់ថយជិត១,០០០ករណី ខណៈអ្នកស្លាប់ថយ៣៣៥នាក់

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ដោយមានការអនុញ្ញាតពីលោក នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ លោកនាយឧត្តមសេនីយ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផល នៃការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សម្រាប់ឆ្នាំ២០២០ ដែលរាជរដ្ឋាភិបាលបានកំណត់ឆ្នាំនេះ គឺឆ្នាំដែលត្រូវរឹតបន្ដឹងច្បាប់ចរាចរណ៍ ក្រោយតួលេខគ្រោះថ្នាក់ និងអ្នកស្លាប់មានការកើនឡើងគួរឲ្យព្រួយបារម្ភ។

លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានឲ្យដឹងថា រយៈពេលមួយឆ្នាំ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ របស់កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក រួមសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត គឺទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ក្នុងនោះត្រួតពិនិត្យយានយន្ដសរុប ១លាន៧សែនគ្រឿង រួមមាន ម៉ូតូ៦៥ភាគរយ រកឃើញយានយន្ដល្មើសចំនួន ៣៥៥,៨៨៥គ្រឿង ស្មើនឹង២០ភាគរយ ដែលបទល្មើសភាគច្រើនមិនពាក់មួកសុវត្ថិភាព ។

អគ្គស្នងការរងនគរបាលជាតិរូបនេះ បានបន្ថែមថា សម្រាប់រថយន្ដដែលល្មើសភាគច្រើន លើសល្បឿនកំណត់ មានរហូតដល់៦០ភាគរយ ក្នុងចំណោមរថយន្ដល្មើសទាំងអស់។ លោកនាយឧត្តមសេនីយ៍ បញ្ជាក់ថា ទាំងអស់នេះជាបញ្ហាប្រឈមដែលត្រូវបន្ដពិនិត្យឡើងវិញ ដើម្បីធ្វើយ៉ាងណារឹតបន្ដឹងលើករណីនេះ។

ជាមួយនឹងភាពជោគជ័យ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍នេះ លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានអះអាងថា ក្នុងឆ្នាំ២០២០កន្លងទៅ ករណីគ្រោះថ្នាក់ចររាចណ៍បានកើតឡើងចំនួន៣,១៧៩លើក ថយចុះចំនួន៩៤២លើក ស្មើនឹង២៣ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យមនុស្សស្លាប់ចំនួន១,៦៤៦នាក់ ថយចុះចំនួន៣៣៥នាក់ស្មើនឹង១៧ភាគ ធៀបនឹងឆ្នាំ២០១៩ ដោយឡែកអ្នករបួសមានចំនួន៤,៦៨៦ ថយចុះចំនួន១,៤៥៥នាក់ ស្មើនឹង២៤ភាគរយ ធៀបនឹងឆ្នាំ២០១៩ ។

លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ បណ្ដាលមកពីល្បឿន ៣៣ភាគរយ, មិនគោរពសិទ្ធិ២៤ភាគរយ, មិនប្រកាន់ស្ដាំ១៥ភាគរយ, ប្រជែងគ្រោះថ្នាក់១០ភាគរយ, បត់ឆ្វេង ស្ដាំ មិនប្រយ័ត្ន ៩ភាគរយ, ស្រវឹង៥ភាគរយ, កត្តាយាន៣ភាគរយ និងងងុយ១ភាគរយ ។

លោកអគ្គស្នងការរងនគរបាលជាតិ បានគូសបញ្ជាក់ថា ទិសដៅបន្ដសម្រាប់ ឆ្នាំ២០២១នេះ ៖

ទី១-រាជរដ្ឋាភិបាលកម្ពុជា ពិសេសអនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺនៅបន្ដរឹតបន្ដឹងច្បាប់ដដែល ហើយការរឹតបន្ដឹងនេះទៀតសោត គឺធ្វើឲ្យមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់។

ទី២-បន្ដខិតខំអប់រំផ្សព្វផ្សាយច្បាប់ដល់ប្រជាពលរដ្ឋ ឲ្យយល់ច្បាស់អំពីអ្វីទៅដែលជាកត្តានាំឲ្យបង្កគ្រោះថ្នាក់ចរាចរណ៍ និងអ្វីទៅជាកាតព្វកិច្ច ក្នុងការអនុវត្តច្បាប់ក្នុងការបើកបរ ក្នុងការបញ្ជាយានរបស់អ្នកប្រើប្រាស់ផ្លូវ។

ទី៣-បន្ដចូលរួមធ្វើវិសោធនកម្ម ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក

ទី៤-បន្ដពង្រឹងយន្ដការតាមដានរបស់សាធារណជន ដើម្បីប្រមូលយកនូវការរិះគន់ ការផ្ដល់នូវមតិយោបល់ក្នុងន័យស្ថាបនា កែលម្អឲ្យបានទាន់ពេលនូវភាពអសកម្មជាបុគ្គល ។

ទី៥-ខិតខំបន្ថែមទៀត ក្នុងការពង្រឹងសមត្ថភាពរបស់មន្ដ្រីអ្នកអនុវត្តច្បាប់ឲ្យកាន់តែមានសមត្ថភាពទាំងបច្ចេកទេស ទាំងច្បាប់ និងទទួលខុសត្រូវខ្ពស់ក្នុងការបំពេញប្រតិបត្តិការរបស់ខ្លួន៕

មតិយោបល់