ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្ម៖ ស្លាកឈ្មោះ អាជីវកម្មដែលខុស ឬមិនបានសុំច្បាប់ ត្រូវតែទម្លាក់ចោល ដើម្បីពង្រឹងការអនុវត្តច្បាប់

សៀមរាបៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោក វ៉េង សុធី បានគូសបញ្ជាក់ថា ការលើកស្លាកអាជីវកម្ម ដែលពាក្យពេចន៍មិនត្រឹមត្រូវ ខុសពីឈ្មោះ ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ឬមិនបានសុំច្បាប់អនុញ្ញាត្តជាមុន ត្រូវតែទម្លាក់ចោល ដើម្បីពង្រឹងការអនុវត្តច្បាប់ ពីព្រោះកម្ពុជា គឺជាប្រទេសនីតិរដ្ឋ និងជាសមាជិកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក។

ដោយរដ្ឋលេខាធិការ បានលើកឡើងដូច្នោះ នាឱកាសដឹកនាំមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ដែលមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ចុះរុះរើស្លាកយីហោផ្ទះសំណាក់របស់ជនជាតិចិន ឈ្មោះថា «តៃ ប៉ូ ផ្ទះយុវជនអន្តរជាតិ» ស្ថិតនៅផ្ទះលេខ ០២៧ ផ្លូវស៊ីវត្ថា ភូមិមណ្ឌល១ សង្កាត់សូយដង្គុំ ក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ។

នៅក្នុងឱកាសនោះ រដ្ឋលេខាធិការលោក វ៉េង សុធី បានមានប្រសាសន៍ថា «ការទម្លាក់ស្លាកអាជីវកម្មផ្ទះសំណាក់ខាងលើ ដោយសារតែជនជាតិចិនជាម្ចាស់ បានប្រើប្រាស់ពាក្យពេចន៍ខ្មែរមិនត្រឹមត្រូវ ខុសពីឈ្មោះ ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម»។

ដោយលោក បានធ្វើការណែនាំ និងពន្យល់ជនជាតិចិនម្ចាស់ផ្ទះសំណាក់ អំពីច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្តីពីពាណិជ្ជនាម ព្រមទាំងនីតិវិធីក្នុងការស្នើសុំនាមករណ៍ផ្លូវការ សម្រាប់អាជីវកម្ម ឬក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជា។

បន្ថែមលើនោះទៀត លោករដ្ឋលេខាធិការ ក៏បានលើកឡើងពីកិច្ចប្រឹងប្រែង របស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងការខិតខំពង្រឹងអនុវត្តន៍ច្បាប់កម្មសិទ្ធិបញ្ញា និងច្បាប់ពាក់ព័ន្ធ នៅក្នុងប្រទេសកម្ពុជា ដើម្បីធានាដល់ការលូតលាស់នៃវិស័យឯកជន ដែលជាក្បាលម៉ាស៊ីនសំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ៕

មតិយោបល់