ព័ត៌មានជាតិ

រថយន្ត CHEROLET បើកលឿនបុកក្បាលនាគខណ្ឌចែកទ្រូងផ្លូវ រងរបួសធ្ងន់ស្រាលពីរនាក់

ភ្នំពេញ: រថយន្ត CHEROLET មួយគ្រឿងបើកបរលឿន ខ្វះការប្រុងប្រយ័ត្ន រេចង្កូចជ្រុលទៅបុកក្បាលនាគខណ្ឌចែកទ្រូងផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខប្រលានយន្តហោះអន្តរជាតិភ្នំពេញ ភូមិក្បាលដំរីទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រថយន្តបង្កម៉ាក CHEROLET ពណ៌ស ពាក់ស្លាកភ្នំពេញ 2AJ-3399 បើកបរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន រងការខូចខាតយ៉ាងធ្ងន់ផ្នែកខាងមុខ ដោយក្រពឹតរួញចូលគ្នា ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាក CHEROLET ពណ៌ស ពាក់ភ្នំពេញ 2AJ-3399 បើកបរដោយស្រី្តមានគ្នាពីរនាក់ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ទល់មុខ និងប្រលានយន្តហោះអន្តរជាតិភ្នំពេញ ក៏បានរេចង្កូចផ្នែកខាងឆ្វេង ទៅបុកក្បាលនាគខណ្ឌចែកទ្រូងផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់តៃកុង ចំណែកអ្នករួមដំណើររងរបួសស្រាល ភ្លាមៗនោះជនរងគ្រោះ ត្រូវបានរថយន្តឯកជនសម្ភពស័ង្គម៉ារី ដឹកយកទៅសង្គ្រោះភ្លាមៗ ។ ចំណែកបង្ករងការខូចខាតយ៉ាងធ្ងន់ផ្នែកខាងមុខ ដោយក្រពឹតរួញចូលគ្នា និងដាច់ស្លាកលេខផុតពីរថយន្ត រីឯក្បាលនាគខណ្ឌចែកទ្រូងផ្លូវវិញ រងរងការខូចខាតអស់ចំនួនបីផ្ទាំង បន្ទាប់មកក៏មានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលប៉ុស្តិ៍កាកាបទី២ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានទាក់ទងទៅផ្នែកចរាចរណ៍ផ្លូវគោក ដើម្បីមកវាស់វែង ។

ក្រោយពេលកើតហេតុ ផ្នែកជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានចុះទៅវាស់វែងស្ទួច អូសយករថយន្តបង្កទៅរក្សាទុក រង់ចាំការដោះស្រាយនូវថ្ងៃក្រោយ៕

មតិយោបល់