ព័ត៌មានជាតិ

ឡានដឹកទំនិញកៀររថយន្ដ Lexus470 រួចបើករត់ត្រូវម្ចាស់រថយន្តតាមទាន់ទារសំណង ២,៥០០ដុល្លារ

ភ្នំពេញៈ យុវជនបុគ្គលិកក្រុមហ៊ុន TTM សេវាកម្មបោកអ៊ុតម្នាក់គេចម៉ោងការងារ ទៅបើករថយន្តក្រុមហ៊ុនដោយចិត្តឯង និងបង្កគ្រោះថ្នាក់បើកកៀររថយន្ដ LexusLX470 គេរងការខូចខាតមិនព្រមឈប់ដោះស្រាយ បែរជាព្យាយាមបើករត់ម្ចាស់រថយន្តរងគ្រោះ តាមទាន់ទារសំណងខូចខាតចំនួន ២,៥០០ដុល្លារ។

ហេតុការណ៍នេះដែលបានកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ចំណុចស្តុបក្តាន់ពីរ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

រថយន្ដបង្កម៉ាក KIABONGOiii ជាប្រភេទរថយន្តដឹកទំនិញពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-1831 ជារថយន្តរបស់របស់ក្រុមហ៊ុន TTM សេវាកម្មបោកអ៊ុត។

ប្រភពពីយុវជនបើករថយន្តបង្កបានប្រាប់ឲ្យដឹងថា រូបគេក៏ជាបុគ្គលិកនៅក្នុងក្រុមហ៊ុននោះ តែនៅផ្នែកផ្សេងហើយស្គាល់គ្នា ជាមួយអ្នកបើករថយន្តដឹកឥវ៉ាន់ក្រុមហ៊ុន។ ប្រភពដដែលបានបន្តថា ពេលតៃកុងរថយន្ដបើករថយន្តដឹកឥវ៉ាន់យកទៅឲ្យភ្ញៀវរូបគេ ក៏គេចម៉ោងកាងារលួចឡើងរថយន្ដសុំទៅជាមួយគេនិងបានសុំគេបើករថយន្តជំនួស ដោយយល់ថាជាអ្នកស្គាល់គ្នាតៃកុងរថយន្ដក៏ព្រមឲ្យបើក ខណៈពេលធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិច មកដល់ចំណុចមុខទីស្តីការគណៈរដ្ឋមន្ត្រីយុវជននោះ បើកវ៉ាគេក៏ងាកចង្កូតជ្រុលទៅកៀរនិងរថយន្ត lexusLX470 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2J-9229 ដែលធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យខូចខាតកំពិតថ្ពាល់មុខខាងស្តាំធ្លាក់ស្តុបមួយចំហៀង ដោយភ័យស្លន់ស្លោយុវជនខាងលើ ក៏បន្ថែមល្បឿនរថយន្ដព្យាយាមរត់គេច ក៏ត្រូវម្ចាស់រថយន្តតាមឃាត់ទាន់នៅចំណុចស្តុបក្តាន់ពីរ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះជួយសម្របសម្រួល។ បន្ទាប់ពីបង្កហេតុអ្នកបើកបររថយន្តរងគ្រោះ បានទារសំណងខូចខាតចំនួន ២,៥០០ដុល្លារ ដើម្បីជាការព្រមានខ្លះដល់អ្នកបើកបរដែលគ្មានទំនួលខុសត្រូវ។ ចំណែកអ្នកយុវជនខាងលើ បានទាក់ទងទៅថៅកែសុំការអន្តរាគមន៍ ដែរតែខាងថៅកែបដិសេធមិនជួយទេ និងអោយយុវជននោះដោះស្រាយដោយខ្លួនឯងទៅ និងថែមទាំងដាក់ពាក្យបណ្ដឹងយុវជនខាងលើទៀត ព្រោះយុវជនោះបានល្មើសនិងច្បាប់ការងារក្រុមហ៊ុន គេចម៉ោងការងារទៅបើករថយន្តក្រុមហ៊ុនដោយចិត្តឯង បង្កគ្រោះថ្នាក់ហើយមិនព្រមឈប់ដោះស្រាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសក្រុមហ៊ុន។

ក្រោយកើតហេតុយុវជនបើករថយន្ត បង្កត្រូវឃាត់ខ្លួនបណ្ដោះអាសន្ន ចំណែករថយន្ដទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកបណ្តោះអាសន្ន នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយបន្ត៕

មតិយោបល់