ព័ត៌មានជាតិ

Update៖ សិស្សរៀនថ្នាក់ទី៧ម្នាក់ ជាបុគ្គលិកផ្ទះសំណាក់ ត្រូវជនមិនស្គាល់មុខ២នាក់ ហៅចូលបន្ទប់ ចាប់សង្កត់ដៃជើង យកកន្សែងរឹតខ្ទប់មាត់ រហូតដល់ដាច់ខ្យល់ស្លាប់

កណ្តាលៈ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៥និង៤៥នាទីព្រឹក មានករណីអំពើឃាតកម្ម ជនសង្ស័យចំនួន២នាក់ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពសម្លាប់សិស្សរៀនថ្នាក់ទី៧ម្នាក់ ជាបុគ្គលិកផ្ទះសំណាក់ យីហោ ៣៦២ បន្ទប់លេខ៧ ក្នុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល បណ្តាលឲ្យស្លាប់បាត់បង់ជីវិត។

សពជនរងគ្រោះឈ្មោះ ចាន់ សុខឃាង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរជាសិស្សរៀនថ្នាក់ទី៧ និងជាបុគ្គលិកផ្ទះសំណាក់៣៦២ ជនជាតិខ្មែរ ស្នាក់នៅកន្លែងកើតហេតុ ។ ម្តាយឈ្មោះ លន់ តាំងអេង ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរ អនាម័យផ្ទះសំណាក់៣៦២ ទីលំនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ស្រ្តីខាងលើមានជីវភាពខ្វះខាត ហើយមានកូនចំនួន៤នាក់ ។ ចំណែកជនសង្ស័យ០២នាក់ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស រាងស្គម (បានគេចខ្លួនបាត់ស្រមោល)។

សម្ភារៈបាត់បង់៖១-ម៉ូតូ០១គ្រឿងម៉ាក Honda C125 ឆ្នាំ២០១៨ ផ្លាកលេខ ភ្នំពេញ 1GP-6929 (របស់ម្ចាស់ផ្ទះសំណាក់) ។ ២-ទូរស័ព្ទ១គ្រឿងរបស់ជនរងគ្រោះ ម៉ាកVIVO ពណ៌ខៀវ ។

វត្ថុតាងចាប់យក៖១-កន្ទុយបារីដែល ជក់រួចហើយ០២ដើម ពណ៌លឿង និងពណ៌ស ,២-ស្រាបៀវកំប៉ុងម៉ាក ANCHOR ០៤កំប៉ុង ផឹកអស់២កំប៉ុង និងនៅសល់២កំប៉ុង,៣-ភេសជ្ជៈកូកាកូឡា២កំប៉ុងផឹករួច,៤-អាវត្រណាត់ដៃវែង ពណ៌ប្រផេះ០១ របស់ជនសង្ស័យ ។

សភាពរឿងហេតុ៖ នៅមុនពេលកើតហេតុ មានជនសង្ស័យ០២នាក់ បាននាំគ្នាដើរមក ផ្ទះសំណាក់៣៦២ រួចហើយជួលបន្ទប់លេខ៧ ដេកស្នាក់នៅ តែខាងអ្នកមើលការខុសត្រូវ ផ្ទះសំណាក់មិនបានកត់ឈ្មោះ ឬ ទាមទារ យកអត្តសញ្ញាណប័ណ្ណសំគាល់ខ្លួនឡើយ ។
រហូតមកដល់វេលាម៉ោង០៣និង៣០នាទី រំលងអធ្រាត្រ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ជនសង្ស័យបានហៅជនរងគ្រោះ ឲ្យចូលក្នុងបន្ទប់លេខ៧ ហើយនាំគ្នាចាប់សង្កត់ដៃជើង និងយកកន្សែងរឹតខ្ទប់មាត់ រហូតដល់ដាច់ខ្យល់ស្លាប់ បន្ទាប់មកនាំគ្នាចេញពីបន្ទប់ រួចចាក់សោបន្ទប់ពីក្រៅជាប់ ហើយនាំគ្នាកាត់សោច្រវ៉ាក់ យកម៉ូតូរបស់ម្ចាស់ផ្ទះសំណាក់ ជិះគេចខ្លួនបាត់ទៅ ។

លុះព្រឹកឡើងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៥និង៣០នាទី ឈ្មោះ អឿន សុជាតិ ភេទស្រី អាយុ២៩ឆ្នាំ ដែលជាម្ទាស់ផ្ទះសំណាក់ បានក្រោកពីដំណេក ក៏ស្រាប់តែបាត់ម៉ូតូម៉ាក Honda C125 ឆ្នាំ២០១៨ ផ្លាកលេខភ្នំពេញ 1GP-6929 ដែលបានទុកមុខបន្ទប់ដេក ហើយស្រែកហៅជនរងគ្រោះ ដែលបុគ្គលិកធ្វើការផ្ទះសំណាក់ តែមិនឃើញឃើញឆ្លើយតប ទើបឆែកកាមេរ៉ាសុវត្ថិភាព រួចឃើញមានជនសង្ស័យ០២នាក់ ដែលមកស្នាក់នៅបន្ទប់លេខ៧ បាននាំគ្នាកាត់សោច្រវ៉ាក់ម៉ូតូ លួចយកទៅបាត់ ហើយក៏ទៅមើលបន្ទប់លេខ៧ ឃើញចាក់សោ បានយកសោមកចាក់ចូលក៏ឃើញជនរងគ្រោះដេកស្លាប់លើគ្រែ ដោយមានកន្សែង ចងរុំមុខ យកខ្នើយដាក់ពីលើមុខ ។

បន្ទាប់មកម្ចាស់ផ្ទះសំណាក់ ក៏បានរាយការណ៍ប្តឹងសមត្ថកិច្ច ចុះមកពិនិត្យដល់កន្លែងកើតហេតុតែម្តង ។
ករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ចំណែកសពជនរងគ្រោះ បានប្រគល់ជូនម្តាយជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់