ព័ត៌មានជាតិ

Update៖ អ្នកលក់អនឡាញ បើកឡានបុកម៉ូតូ បណ្តាលឲ្យបុរសជាងរថយ​ន្តម្នាក់ស្លាប់ នៅមុខអាហារដ្ឋានហ្គោឌិនថោន

ភ្នំពេញ: នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២២និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ដ និងម៉ូតូ ត្រង់ចំណុចមុខ អាហារដ្ឋានហ្គោឌិនថោន ភូមិប្រការ សង្កាត់ ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឲ្យមនុស្សប្រុសម្នាក់ស្លាប់ នៅកន្លែងកើតហេតុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូ១គ្រឿងម៉ាក ស៊ុយសាគីស្មាក ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1BP2773 បើកបរដោយឈ្មោះ ធឿន ប៊ុនថៃ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងរថយន្ដ មានស្រុកកំណើតភូមិល្វា ឃុំគោរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ស្លាប់) នៅកន្លែងកើតហេតុ ។ ចំណែករថយន្ដម៉ាក MG ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BI 1749 បើកបរដោយឈ្មោះ ធឿន វណ្ណា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់អនឡាញ មានស្រុកកំណើតភូមិគ ឃុំចំណាលើ ស្រុកឈូក ខេត្តកំពត (ឃាត់ខ្លួន) ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ ម៉ូតូបើកបរក្នុងទិសដៅ ពីរលិចទៅកើត ចំណែកឯរថយន្ដ បើកបរក្នុងទិសដៅ ពីកើតទៅលិច លុះជិតដល់កន្លែងកើតហេតុ រថយន្ដក៏រេចង្កូតបុកម៉ូតូពេញទំហឹងតែម្ដង ។

មូលហេតុ៖ មកពីភាគីរថយន្ដ បើកបរមិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន ។ សម្ភារ:រថយន្ដ និងម៉ូតូខូចខាតធ្ងន់។
ចំណែកសពបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។

បច្ចុប្បន្ន៖ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ សមត្ថកិច្ចបានប្រគល់ឲ្យទៅការិយាលយ័ចរាចរណ៍ផ្លូវគោក ៕

មតិយោបល់