កណ្ដាលៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយស សូមឆ្លើយតបជូនគណនីហ្វេសបុកឈ្មោះ Try senghout ដែលបានផ្ញើសារចូលក្នុងប្រអប់សារផេករបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា «នៅស្រុកអង្គស្នួល ឃុំក្រាំងម្កាក់ ធ្វើសៀវភៅគ្រួសារអត់បានថ្ងៃនេះថ្ងៃនោះរហូត សូមឱ្យថ្នាក់លើពិនិត្យមន្ត្រីនោះផង»។
ក្រោយពីទទួលបានដំណឹងភ្លាម ដោយមានបទបញ្ជាពីលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល នៅថ្ងៃសុក្រ ១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងម្កាក់ និងកម្លាំងផ្នែកអត្តសញ្ញាណកម្មស្រុក ដឹកនាំដោយលោកអធិការរងទទួលការងារអត្តសញ្ញាណកម្ម បានធ្វើសៀវភៅគ្រួសារ (ក៤) ជូនលោក ទ្រី សេងហួត និងបានយកទៅជូនដល់ផ្ទះរបស់គាត់រួចរាល់ហើយ។
អាស្រ័យហេតុនេះ សូមសាធារណជនដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាជ្រាប ៕
មតិយោបល់