ព័ត៌មានជាតិ

រថយន្តព្រូសបុកម៉ូតូ បណ្ដាលឲ្យមនុស្សស្លាប់ភ្លាមៗ នៅស្រុកកៀនស្វាយ

កណ្ដាល: នៅថ្ងៃអាទិត្យ ៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៧និង៣០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយករណីកើតឡើង លើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ចំណុចភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សភាពរឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើនេះ មានរថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2AS-1511 បើកបរដោយឈ្មោះ គង់ ប៊ុនថន ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិបឹងវែង សង្កាត់វាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបើកមានទិសដៅពីអ្នកលឿង ភ្នំពេញ តាមផ្លូវជាតិលេខ១។ ពេលបើកមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយម៉ូតូ០១គ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ប្រភេទស្រី ពាក់ផ្លាកលេខ បាត់ដំបង 1E-0899 បើកបរដោយឈ្មោះ រុន បឹង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករសំណង់ មានទីលំនៅភូមិឈើកាច់ ឃុំកំពង់សឹង្ហ ស្រុកបាភ្នំ ខេត្តព្រៃវែង បើកបរលើផ្លូវជាតិ
លេខ១ ដែលបើកបរមានទិសដៅ(ភ្នំពេញ អ្នកលឿង) បណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូ នៅនឹងកន្លែងកើតហេតុ។

ម៉ូតូខូចធ្ងន់០១គ្រឿងនិងរថយន្តខូចស្រាល០១គ្រឿងបានយកមករក្សាទុក នៅអធិការដ្ឋានស្រុកកៀនស្វាយ និងបន្តតាមនីតិវិធី។

សន្និដ្ឋានបឋម៖
– អ្នកបើកម៉ូតូធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្នបើករំលោភទៅលើចំណែកផ្លូវនៃយានយន្តដែលបើកមកពីទិសដៅផ្ទុយ។
– អ្នកបើករថយន្ត បានរត់គេចចេញពីកន្លែងកើតហេតុ ត្រូវនគរបាលតាមចាប់បានយកមកសាកសួរនិងឃាត់ខ្លួន៕

មតិយោបល់