ភ្នំពេញៈ បុរសម្នាក់ស្រវឹងបើករថយន្តកាមារីហាយប្រ៊ីតមួយគ្រឿង បោះពួយយ៉ាងលឿន មិនប្រយ័ត្នក៏រេចង្កូត ទៅបុករះម៉ូតូចំនួន១៣គ្រឿង ដែលឈប់នៅលើចិញ្ចើមផ្លូវ និងបន្តទៅបុករថយន្ត ដែលចតស្ងៀមចំនួន៣គ្រឿងទៀត បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចខាងមុខ ភោជនីយដ្ឋានវីហ្វ្រេន តាមបណ្ដោយផ្លូវ១៥៦ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿង ម៉ាកកាមារីហាយប្រ៊ីត ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2U-7566 ដែលបើកបរក្នុងស្ថានភាពស្រវឹង តាមបណ្ដោយផ្លូវ១៥៦ ទិសដៅពីលិចទៅកើត និងក្នុងល្បឿនយ៉ាងលឿន ។ លុះដល់ចំណុចកើតហេតុរថយន្ត ក៏ស្រាប់តែរេចង្កូត មកខាងឆ្វេងទៅបុករះ ម៉ូតូរបស់ភ្ញៀវ ដែលឈប់ចតនៅលើចិញ្ចើមផ្លូវចំនួន១៣គ្រឿង ក្នុងនោះម៉ូតូម៉ាកហុងដាឌ្រីមចំនួន៣គ្រឿង ហុងដាឃ្លីកចំនួន២គ្រឿង ធូដេមួយគ្រឿង ស៊ុយស័រគីស្មាក់វីមួយគ្រឿង ស៊ុយស័រគីនិចមួយគ្រឿង ស៊ុយស័រគីលែតមួយគ្រឿង ZOOMER-X មួយគ្រឿង ហុងដាស្កុបភីមួយគ្រឿង PCX មួយគ្រឿងនិងម៉ាក YAMAHATTX មួយគ្រឿង បណ្តាលឲ្យរងការខូចខាត ។ តែរថយន្តនៅមិនទាន់អស់ល្បឿន ក៏បន្តទៅខាងមុខរួចក៏រេចង្កូត ទៅខាងស្ដាំបុកគូទរថយន្តមួយគ្រឿង ម៉ាក RAV4 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2W-1033 ដែលឈប់ចតស្ងៀមនៅលើចិញ្ចើមផ្លូវ ហើយរថយន្តក៏រុញរថយន្ត RAV4 ទៅមុខទៅបុកចំពីមុខ រថយន្តមួយគ្រឿងទៀត ម៉ាកតូយ៉ូតាព្រូស ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ 2BI-4791ដែលឈប់ចតស្ងៀមនៅលើចិញ្ចើមផ្លូវដូចគ្នា ហើយរថយន្តតូយ៉ូតាព្រូស ក៏បានថយក្រោយទៅបុកចំពីមុខរថយន្តមួយគ្រឿងទៀត ម៉ាកកាមារីបាលែន ពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ 2AQ-3956 ដែលឈប់ចតស្ងៀមនៅលើចិញ្ចើម បណ្តាលឲ្យរងការខូចខាត ក្រពឹតកាងបន្តិចបន្តួច ។ ចំណែកឯរថយន្តតូយ៉ូតាព្រូស បានរងការខូចខាត ក្រពឹតទាំងផ្នែកខាងមុខ និងខាងក្រោយចំហៀងខាងស្ដាំ រីឯរថយន្ត RAV4 បានរងការខូចខាត ក្រពឹតកាងខាងមុខចំហៀងខាងស្ដាំ និងកាងខាងក្រោយចំហៀងខាងឆ្វេង ។
ដោយឡែករថយន្តបង្ក បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ហើយអ្នកបើកបររថយន្តបង្ក ក៏បានសមត្ថកិច្ចមូលដ្ឋាន នាំយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ភ្លាមៗ តែម្ដង។
ក្រោយមកដោយម្ចាស់រថយន្តកាមារីបាលែន ដែលរងការខូចខាតបន្តិចបន្តួច មិនចង់មានរឿងរ៉ាវវែងឆ្ងាយ ក៏បើករថយន្តចេញពីកន្លែងកើតហេតុ ដោយមិនទាមទារសំណងអ្វីនោះ ។
ក្រោយពេលកើតហេតុម៉ូតូទាំង១៣គ្រឿង និងរថយន្ត៣គ្រឿង រួមទាំងអ្នកបើកបររថយន្តបង្ក ត្រូវបានសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង និងនាំទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ និងចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៀត ៕
មតិយោបល់