ភ្នំពេញៈ ក្រោយពីមានការស្នើសុំពី វិស័យឯកជនដែលធ្វើការងារ លើវិស័យទេសចរណ៍ នៅកម្ពុជា ឲ្យក្រសួងទេសចរណ៍ ធ្វើការពិចារណា និងពិនិត្យឡើងវិញ អំពីកាលបរិច្ឆេទ នៃការអនុវត្តន៍ការកែសម្រួលតម្លៃ សំបុត្រចូលទស្សនា សម្រាប់ជនបរទេស ដែលគ្រោងនឹងដាក់ចេញនៅ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខនោះ ថាវាអាចនឹងធ្វើឱ្យ មានផលវិបាក ដល់ការកែប្រែតម្លៃសំបុត្រ ឬឯកសារពាក់ព័ន្ធដែលបានដាក់លក់ទៅឲ្យ ក្រុមហ៊ុននៅក្រៅ ប្រទេសរួចហើយនោះ។
ក្រុមវិស័យឯកជន បានស្នើឡើង នៅក្នុងកិច្ចប្រជុំ ក្រុមការងារទេសចរណ៍ វិស័យសាធារណៈ និងឯកជន នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នាទីស្តីការ ក្រសួងទេសចរណ៍ ដោយមានការចូលរួមពី ភាគីពាក់ព័ន្ធ និងវិស័យឯកជន ប្រតិបត្តិករជាច្រើន ដែលជាដៃគូរដ៏សំខាន់ របស់ រាជរដ្ឋាភិបាល ក្នុងការចូលរួមអភិវឌ្ឍន៍ វិស័យទេសចរណ៍នៅកម្ពុជា ។
លោក ទិត ចន្ថា រដ្ឋមន្រ្តីស្តីទី បានមាប្រសាសន៍ប្រាប់ ក្រុមអ្នកសារព័ត៌មាន នៅក្រោយកិច្ចប្រជុំនោះថា “បន្ទាប់រាជរដ្ឋាភិបាល បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តតម្លៃបណ្ណថ្មី ពោលគឺការកែសម្រួល តម្លៃសំបុត្រសម្រាប់ជន បរទេសចូលទស្សនា រមណីយដ្ឋានអង្គរ ដែលកាលពីជាង២០ឆ្នាំ មុនរហូតមក ដល់ពេលនេះ លក់ត្រឹមតែសំបុត្រ១ មានតម្លៃ២០ដុល្លារ ក្នុង១ថ្ងៃ ទៅជា តម្លៃ៣៧ដុល្លារក្នុង១ថ្ងៃ ហើយរយៈពេល៣ថ្ងៃ ពី៤០ទៅជា៦២ដុល្លារ និងរយៈពេលមួយ សប្តាហ៍៦០ដុល្លារ ទៅ៧២ដុល្លារវិញ”។
លោករដ្ឋមន្រ្តីស្តីទីបញ្ជាក់ថា ឆ្លងតាមការធ្វើអង្គេត និងការស្ទាបស្ទង់មតិ ចំពោះការកែសម្រួលតម្លៃប័ណ្ណថ្មីនេះ វាមិនធ្វើឲ្យប៉ះពាល់ដល់ វិស័យ ទេសចរណ៍ ឬឧស្សាហកម្ម ទេសចរណ៍នោះទេ ព្រមទាំងមានការគាំទ្រ ពីផ្នែកឯកជនដែលធ្វើការ លើវិស័យនេះផងដែរ គ្រាន់តែពួកគេស្នើឲ្យ ពិនិត្យឡើងវិញ ចំពោះកាលបរិច្ឆេទ ក្នុងការអនុវត្តការកែ សម្រួល នោះតែប៉ុណ្ណោះ។
លោក ទិត ចន្ថា បានបង្ហាញនូវហេតុផលជាច្រើន ដែលនាំឲ្យ រាជរដ្ឋាភិបាល ធ្វើការកែសម្រួលថ្លៃ សំបុត្រចូលទស្សនា រមនីយដ្ឋានអង្គរ សម្រាប់ ជនបរទេសនានេះ គឺដើម្បីរក្សាតម្លៃសំបុត្រ ចូលទស្សនាអង្គរឲ្យ មាននិរន្តរភាព «តម្លៃប័ណ្ណថ្មី ចំនួន៣៧ដុល្លារនោះ គិតទៅវានៅទាបជាង តម្លៃសំបុត្រ ២០ដុល្លារ ដែលបានអនុវត្តន៍ កាលពី២០ឆ្នាំមុន រហូតមកដល់ពេលនេះ នៅឡើយទេ។ មួយវិញទៀតអង្គជា សម្បត្តិបិតិកភណ្ឌជាតិ ជា បិតិកភណ្ឌវប្បធម៌ ដ៏អស្ចារ្យនៅលើពិភពលោក ជាគោលដៅទេសចរណ៍ដ៏ធំ មានប្រាង្គប្រសាទជាច្រើន ដែលមានវិសាលភាពធំធេង និងមានតម្លៃ មហាសាល ចំពោះការកែសម្រួលនេះ មិនជាឧបសគ្គ ឬជាកង្វល់នោះទេ» ។
សូមបញ្ចាក់ថា កាលពីថ្ងៃទី១០ខែសីហា ឆ្នាំ២០១៦នេះ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹង ស្តីពី ការអនុវត្តតម្លៃបណ្ណថ្មី សម្រាប់ចូលទស្សនា រមនីយដ្ឋានអង្គរដល់សាធារណៈជនជាតិ និងអន្តរជាតិ ប្រតិបត្តិករទេសចរណ៍ និងភ្ញៀវទេសចរណ៍ ឲ្យបានជ្រាប ហើយនៅក្នុងតម្លៃថ្មី ទាំង៣ប្រភេទនោះ គឺមាន២ដុល្លារ សម្រាប់ចូលរួមមូល និធិមន្ទីរពេទ្យគន្ធបុប្ផា ក្នុងការព្យាបាល ជំងឺ ដល់កុមារក្រីក្រកម្ពុជា៕
មតិយោបល់