តាកែវៈ នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៦ និង ១០នាទី ស្ថិតនៅលើផ្លូវខេត្តលេខ២២ ចន្លោះគីឡូម៉ែត្រលេខ ០៥-០៦ ក្នុងភូមិត្រពាំងគូរ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងរថយន្តនិងម៉ូតូ និងរថយន្តក្នុងទិសដៅបញ្ច្រាសទិសគ្នា ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តមួយគ្រឿងម៉ាក តូយ៉ូតាហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2A-6569 បើកបរដោយឈ្មោះ ហែម យ៉ាន ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មុខរបរកសិករ (របួសស្រាល) មានអ្នករួមដំណើរក្នុងរថយន្តចំនួនពីរនាក់៖
ទី១-ឈ្មោះ ឈឹម ឡាវ ភេទស្រី អាយុ៦៤ឆ្នាំ ត្រូវជាប្រពន្ធអ្នកបើកបរ (របួសស្រាល) និងទី២-ឈ្មោះ អ៊ុក អឹប ភេទស្រី អាយុ៥២ឆ្នាំ ត្រូវជាប្អូនអ្នកបើកបររថយន្តខាងលើ (របួសស្រាល) ។
រថយន្តខាងលើនេះបើកបរមកពីទិសខាងលិច លុះបើកមកដល់ត្រង់ចំណុចកើតហេតុ ក៏បានឡើងវ៉ាងជែងរថយន្តមួយគ្រឿង ហើយក៏ជ្រុល ទៅបុករថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2BL-9610 បើកបរដោយឈ្មោះ មុត សុធារិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិស្វាយទង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ មុខរបរបុគ្គលិកក្រុមហ៊ុន (របួសស្រាល) ដែលបើកបរមកពីទិសខាងកើត ហើយរថយន្តម៉ាកហាយឡែនឌ័រ ដែលបើកបរមកពីទិសខាងលិចនោះ បានជ្រុលចង្កូតទៅបុកម៉ូតូ មួយគ្រឿងទៀត ម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខតាកែវ 1Y-5557 បើកបរដោយឈ្មោះ ផាន ចន្ថា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិត្នោតជុំ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ មុខរបរកម្មកររោងចក្រ (រងរបួសធ្ងន់) ពាក់មួកសុវត្ថិភាព មានឌុបមនុស្ស ម្នាក់ពីក្រោយឈ្មោះ ហ៊ី សុបិន្ត ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា (រងរបួសធ្ងន់) មុខរបរកម្មការិនី រោងចក្រ មានពាក់មួកសុវត្ថិភាព ដែលបើកបរមកពីទិសខាងកើត ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ ។ រថយន្តនិងម៉ូតូខាងលើ ខូចខាតធ្ងន់ ហើយត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ។ មូលហេតុបណ្តាលមកពីអ្នកបើកបររថយន្ត ម៉ាកហាយឡែនឌ័រ បើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់ ។ កម្លាំងជំនាញកំពុងកសាងសំណុំរឿង តាមនីតិវិធីច្បាប់ ៕
មតិយោបល់