ព័ត៌មានជាតិ

មួយថ្ងៃមាននារីចំនួន៣នាក់ មកលោតទឹកសម្លាប់ខ្លួន ជាបន្តបន្ទាប់គ្នានាពេលព្រលប់ នៅលើស្ពានជ្រោយចង្វា

ភ្នំពេញ: នារីចំនួន៣នាក់ មានវិបត្តិផ្លូវចិត្តរៀងៗខ្លួន ធ្វើដំណើរទៅកាន់ស្ពានជ្រោយចង្វា មកលោតទឹកសម្លាប់ខ្លួនជាបន្តបន្ទាប់គ្នា ប៉ុន្តែពួកគេមិនបានស្លាប់ដូចបំណងនោះទេ, ករណីនេះកើតឡើងនៅល្ងាចថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតលើស្ពានជ្រោយចង្វា មិត្តភាពកម្ពុជា-ជប៉ុន ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

-ករណីទី១ស្ត្រីមាក់ឈ្មោះ ស្រីអាត អាយុ៣៨ឆ្នាំ រស់នៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនសុខ រាជធានីភ្នំពេញ។ មានស្វាមីឈ្មោះ សេម មុខបរជាទាហានជើងទឹក ពាក់ស័ក្កិ៤ ដោយនារីជាប្រពន្ធមិនបានប្រាប់ពីទីតាំងអង្គភាពនោះទេ ហើយមានកូនប្រុសក្នុងបន្ទុកចំនួន២នាក់៖ កូនទី១អាយុ១៨ឆ្នាំ និងកូនទី២អាយុ១២ឆ្នាំ។

តាមប្រភពព័ត៌មានពីស្ត្រីខាងលើ បានប្រាប់ឱ្យដឹងថា ហេតុដែលនាំឲ្យនាងមកលោតទឹកសម្លាប់ខ្លួននេះ គឺដោយសារអន់ចិត្តហ្នឹងស្វាមី មិនខ្វល់ខ្វាយយកចិត្តទុកដាក់ នឹងមិនស្រលាញ់នាង ទើបធ្វើឲ្យនាងអន់ចិត្ត នឹងសម្រេចចិត្តធ្វើបែបនេះ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ និយាយថា នៅមុនពេលកើតហេតុ នាងបានជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីម ពណ៌ក្រហម ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខភ្នំពញ 1HB 9275 ជិះឡើងស្ពានពីលិចទៅកើត លុះមកដល់ជិតពាក់កណ្តាលស្ពាន បានឈប់ម៉ូតូ រួចចុះលោតទឹកសម្លាប់ខ្លួនតែម្តង ខណ:ដែលនាងលោតពីលើស្ពាននោះ ក៏មានបងប្អូនប្រជានេសាទម្នាក់ និងសមត្ថកិច្ចចំនួន២នាក់ បានចេញទូកទៅជួយនាងស្រង់ដាក់លើទូក នាំមកច្រាំងខាងលិច ដើម្បីជួយសង្គ្រោះ និងសួរនាំរកសាច់ញាតិ និងស្វាមី ឱ្យនាំយកនាងត្រឡប់ទៅផ្ទះវិញ រួចសមត្ថកិច្ចក៏ទាក់ទងទៅបុរសជាស្វាមី ឱ្យមកទទួលនាងត្រឡប់ទៅផ្ទះវិញ។

ដោយឡែកករណីទី២ បន្ទាប់ពីនារីខាងលើ លោតពីលើស្ពានរួចហើយនោះ ស្រាប់តែមានយុវតីចំនួនពីរនាក់ទៀត មានវ័យប្រមាណជិត២០ឆ្នាំ ដែលម្នាក់ក្នុងចំណោមពួកគេ បាននិយាយអះអាងថា នាងទាំង២នាក់ជាអ្នកបោកអ៊ុតមានវិបត្តិផ្លូវចិត្ត បាននាំគ្នាមកលើស្ពានជ្រោយចង្វា ដើម្បីទឹកសម្លាប់ខ្លួន។ ហើយគេឃើញពួកនាងទាំងពីរនាក់នោះ បានដោះស្បែកជើង នឹងយកកាបូបដាក់នៅលើកណ្តាលស្ពាន រួចហើយក៏ដើរចេញពីទីនោះ ដោយភ្លេចយកកាបូប និងស្បែកជើងទៅតាម រួចដើរសំដៅទៅគល់ស្ពានត្រើយខាងកើត បានលោតចុះពីលើស្ពានទាំងពីរនាក់សម្លាប់ខ្លួន តែពួកនាងទាំងពីរនាក់ បានហែលទឹកឡើងមកលើគោកវិញ ដោយពុំមានអ្នកណាជួយសង្គ្រោះនោះទេ គឺឡើងគោកវិញដោយខ្លួនឯង ។

នៅក្នុងហេតុការណ៍ខាងលើនេះ នារីទាំងបីនាក់ មានវិបត្តិផ្លូវចិត្តដូចគ្នា បានមកលោតទឹកសម្លាប់ខ្លួន មិនបានស្លាប់ដូចបំណងនោះទេ ពោលគឺស្ត្រីម្នាក់ ត្រូវបានសមត្ថកិច្ច ព្រមទាំងប្រជានេសាទស្រង់ទាន់ពេល ។ រីឯនារី២នាក់ផ្សេងទៀត គឺពួកនាងបានហែលទឹកឡើង មកលើគោកវិញដោយខ្លួនឯង ។

ក្រោយពេលកើតហេតុ ពួកគេទាំងបីនាក់ ត្រូវបានវិលត្រឡប់ទៅលំនៅឋានរបស់គេវិញរៀងៗខ្លួន នៅព្រលប់ថ្ងៃដដែលនោះ ៕

មតិយោបល់