ព័ត៌មានជាតិ

ក្រុមចោរ៦នាក់វាយថៅកែរោងចក្ររបួសធ្ងន់ ប្រមូលរបស់មានតម្លៃអស់មួយចំនួន

ភ្នំពេញៈ ជនសង្ស័យ៦នាក់ ដោយម្នាក់ចាំនៅក្រៅ៥នាក់ជាអ្នកចូលលួចសម្ភារៈក្នុងរោងចក្រ ត្រូវបានថៅកែចិនដឹងខ្លួនទាន់បានវាយប្រតាយប្រតប់គ្នាទៅវិញទៅមក បណ្តាលឲ្យរបួសធ្ងន់ជនជាតិចិន២នាក់ប្តីប្រពន្ធ និងចាប់ជនសង្ស័យម្នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅចំណុចរោងចក្រផលិតប្រអប់ភ្លើងមួយកន្លែងជាប់របងវត្តអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមសាក្សីនៅកន្លែងបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនសង្ស័យម្នាក់រត់ចេញពីក្នុងរោងចក្រ ដោយស្ថានភាពរបួសពេញខ្លួន ហើយម្នាក់បានទៅដេកសំងំនៅស្មៅក្រោយផ្ទះប្រជាពលរដ្ឋដោយស្រែកឲ្យគេជួយ ឃើញបែបនេះម្ចាស់ផ្ទះក៏បានតេហៅសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុភ្លាម។

សាក្សីដដែលបានបន្តថា បន្ទាប់ពីសមត្ថកិច្ចចុះមកដល់ប្រជាពលរដ្ឋបានប្រាប់ឲ្យទៅមើលក្នុងរោងចក្រ ព្រោះមុនពេលជនសង្ស័យចេញមក បានឮសំឡេងខ្លាំងៗចេញពីក្នុងរោងចក្រគួរឲ្យសង្ស័យ ខណៈទៅដល់មុខរោងចក្រ គាប់ជួនក៏មានជនជាតិចិន២នាក់ទៀត បើករថយន្តមកក៏បានបើកទ្វារចូលមើលទាំងអស់គ្នាស្រាប់តែឃើញជនជាតិចិនចំនួន២នាក់ប្តីប្រពន្ធរងរបួស ដោយត្រូវជនសង្ស័យវាយ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរបាក់ជើង បែកក្បាលនិងឈាមស្រោចពេញខ្លួនទាំង២នាក់។

តាមការសារភាពពីជនសង្ស័យឈ្មោះ ចេក ចន្នី ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបរត់ម៉ូតូឌុប ស្នាក់ម្តុំលូប្រាំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅមុនពេលកើតហេតុ ប៉ុន្មានថ្ងៃមុនពួកគេបានមកលួចម្តងរួចមកហើយដោយយកបានទូរស័ព្ទដៃ និងលេបថបមួយគ្រឿង លុះរហូតមកដល់ថ្ងៃកើតហេតុពួកគេមានគ្នា៦នាក់បានផឹកស៊ីស្រវឹង និងទៅជក់ថ្នាំញៀននៅបឹងឈូកមុខពេទ្យលោកសង្ឃ ហើយក៏បបួលគ្នាមកចូលក្នុងរោងចក្រ ដើម្បីលួចលុយ និងសម្ភារៈម្តងទៀត។ បន្ទាប់មកពួកគេក៏ព្រមព្រៀងគ្នាហើយបានជិះម៉ូត២គ្រឿងមកធ្វើសកម្មភាពតែម្តង។

ជនសង្ស័យបានបន្តថា ខណៈមកដល់ពួកគេ៥នាក់បានចូលទៅខាងក្នុង ដើម្បីធ្វើសកម្មភាពចំណែកម្នាក់ទៀតនៅចាំមើលផ្លូវ។ ខណៈដែលពួកគេចូលទៅដល់កំពុងធ្វើសកម្មភាព ស្រាប់តែចិនដែលនៅខាងក្នុងដឹងខ្លួន ហើយពួកគេក៏បានព្រួតវាយ បណ្តាលឲ្យរងរបួស២នាក់ ចំណែកម្នាក់ទៀតមិនមានរងរបួសទេ ដោយឡើងទៅដំបូលរោងចក្រ។ បន្ទាប់មកបក្ខពួករបស់គេបានប្រមែលប្រមូលសម្ភារៈដែលមានតម្លៃ និងលុយមួយចំនួន រួចពួកគេបានផ្លោះរបងចេញមកក្រៅតែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះរួមទាំងជនសង្ស័យដែលរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ។ ដោយឡែកជនសង្ស័យដែលគេចខ្លួនសមត្ថកិច្ចកំពុងកំណត់មុខសញ្ញាតាមចាប់យកមកផ្តន្ទាទោសតាមច្បាប់៕

photo_2016-08-12_14-47-10photo_2016-08-12_14-47-12photo_2016-08-12_14-47-15photo_2016-08-12_14-47-18photo_2016-08-12_14-47-21photo_2016-08-12_14-47-24photo_2016-08-12_14-47-27photo_2016-08-12_14-47-29

មតិយោបល់