ព័ត៌មានជាតិ

រន្ធត់ណាស់! ម៉ូតូ២គ្រឿង បើកវ៉ាជែងមិនប្រយ័ត្ន បណ្តាលឲ្យបុកគ្នាស្លាប់និងរបួសធ្ងន់២នាក់

ក្រចេះ: នៅថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២១ នៅវេលាម៉ោង១៩និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូបុកម៉ូតូបញ្រ្ចាសទិសគ្នា នៅចំណុចផ្លូវជាតិលេខ៧៦(ស្នួល-កែវសីមា) ចន្លោះបង្គោលគីឡូម៉ែត្រលេខ១ ភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូបង្ក១គ្រឿងម៉ាកYAMAHAFZ ពណ៌ទឹកប្រាក់ គ្មានផ្លាកលេខបើកបរដោយឈ្មោះ ឃុន រ៉ានី ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិក្បាលត្រាច ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ (រងរបួសធ្ងន់) បានបញ្ជូន ទៅមន្ទីរពេទ្យបង្អែកស្រុកស្នួល ធ្វើដំណើរពីទិសខាងលិច ឆ្ពោះទៅទិសខាងកើត ។ លុះមកដល់ចំណុចកើតហេតុ ក៏បានបើកវ៉ាជែង ហើយជ្រុលទៅបុកម៉ូតូ១គ្រឿងទៀតម៉ាក ស៊ីរុស ពណ៌ខ្មៅ គ្មានផ្លាកលេខ (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ) បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ (សាកសពពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ) ធ្វើដំណើរពីទិសខាងកើត ឆ្ពោះទៅទិសខាងលិច ។

មូលហេតុ៖ បណ្តាលមកពីការបើកបរវ៉ាជែង ក្នុងស្ថានភាពគ្រោះថ្នាក់ ។

វត្ថុតាង៖ ម៉ូតូខូចខាតធ្ងន់០២គ្រឿង ត្រូវកម្លាំងសមត្ថកិច្ចយកមករក្សាទុក ជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីបន្តនីតិវិធី ។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានស្វែងរកសាច់ញាតិជនរងគ្រោះ ដើម្បីប្រគល់សពយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់