បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៥និង៤០នាទី នៅចំណុចវត្តដង្កោស្ថិតនៅក្រុមទី០២ ភូមិដង្កោ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង មានករណីកុមារីម្នាក់បានលង់ទឹកស្លាប់នៅស្រះក្នុងវត្តដង្កោ ។
ជនរងគ្រោះឈ្មោះ ថន លីណា អាយុ០៩ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។ ឆ្លងតាមការបំភ្លឺរបស់កុមារីឈ្មោះ ឃិញ វត្តី អាយុ០៩ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ដែលត្រូវជាបងប្អូនជីដូនមួយរបស់ជនរងគ្រោះបានបំភ្លឺថា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៤និង៣០នាទី ខ្លួនពីរនាក់បងជីដូនមួយឈ្មោះ ថន លីណា បានជិះកង់ឌុបគ្នាទៅដើរលេង ដល់ចំណុចវត្តដង្កោ ពួកខ្លួនទាំងពីរនាក់ ក៏បានចុះពីលើកង់នៅក្បែរមាត់ស្រះ ហើយឈ្មោះ លីណា (ជនរងគ្រោះ) ក៏បានចុះទៅយកកែវជ័រដែលអណ្ដែតទឹកនៅក្នុងស្រះ ក៏រអិលជើងធ្លាក់ទៅតែម្ដង ។ ពេលនោះខ្លួនបានស្រែកហៅឲ្យគេជួយ តែគ្មានអ្នកឮទេ ខ្លួនក៏រត់ទៅប្រាប់លោកសង្ឃដែលស្នាក់នៅក្នុងវត្ត ។ ពេលនោះក៏មានព្រះសង្ឃរត់មកជួយចុះស្រង់យកបងជីដូនមួយចេញពីក្នុងទឹក ហើយ ខ្លួនក៏រត់ទៅផ្ទះប្រាប់ម្ដាយខ្លួនថា លីណា បានលង់ទឹកស្លាប់នៅស្រះវត្តដង្កោរ ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងផ្នែកជំនាញពិនិត្យ និងវិភាគទីកន្លែងកើតហេតុ បានសហការជាមួយលោកគ្រូពេទ្យមណ្ឌលសុខភាពឃុំល្វា និងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលល្វា ចុះទៅដល់ទីកន្លែងកើតហេតុ អាចបញ្ជាក់បានថា កុមារីរងគ្រោះឈ្មោះ ថន លីណា ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដ ។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់