ព័ត៌មានជាតិ

នគរបាលសេដ្ឋកិច្ចចាប់រថយន្តតាកូម៉ាដឹកគ្រឿងសង្ហារឹម ប្រគល់ឲ្យមេព្រៃ

ស្ទឹងត្រែងៈ រថយន្តតាកូម៉ាដឹកគ្រឿងសង្ហារឹមកែច្នៃបាន៥០ភាគរយ មួយគ្រឿង ត្រូវបាននគរបាលប្រឆាំងបទសេដ្ឋកិច្ចខេត្ត ឃាត់និងចាប់ ហើយប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើខេត្តភ្លាមៗ កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិគីឡូប្រាំបី ក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

លោក ឈៀង តុលា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបាននិយាយប្រាប់ post news ថា “គាត់ក៏មិនដឹងចាប់យកមកពីម្តុំណាដែរ ទាល់តែសួរលោក មេងលី ទើបដឹងច្បាស់ ព្រោះពេលឃាត់រថយន្តខាងលើនេះ លោក មេលី បានខលទូរស័ព្ទមកខ្ញុំដែរ តែខ្ញុំមិនបានទទួល ព្រោះខ្ញុំជាប់រវល់ប្រជុំ”។

លោកបន្តថា គាត់ក៏មានការងឿងឆ្ងល់ផងដែរថា មូលហេតុអ្វីបានសមត្ថកិច្ចចាប់រថយន្តនេះ ព្រោះឈើដែលនៅលើរថយន្ត សុទ្ធតែជាគ្រឿងសង្ហារឹម ដែលកែច្នៃបានជិតរួចហើយ។ បើនិយាយរឿងឈើឆៅគឺមានតែបួន ប្រាំដុំតែប៉ុណ្ណោះ ប៉ុន្តែមិនអីទេ ឥឡូវយើងរក្សារថយន្តនោះទុកក្នុងខណ្ឌរដ្ឋបាលព្រៃឈើសិនរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមក្រោយ។

ចំពោះរថយន្ត ដែលដឹកសង្ហារឹមខាងលើ ម៉ាកតាកូម៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2K-3242 បានដឹកគ្រឿងសង្ហារឹមដែលកែច្នៃសម្រេចបាន៥០ភាគរយ ដែលមានដូចជា ទ្វារ១១វង់ តុ៥ ព្រមទាំងលាយដៃសាឡុងប្រាំទៅប្រាំមួយដុំ ផងដែរ។ ចំណែកឯម្ចាស់រថយន្ត ត្រូវបានគេបង្ហើបថា ជានាយទាហាន។

បច្ចុប្បន្នរថយន្តតាកូម៉ា ដឹកសង្ហារឹមខាងលើ ត្រូវបានជំនាញយកមករក្សាទុកក្នុងខណ្ឌរដ្ឋបាលព្រៃឈើខេត្តរួចរាល់ហើយ៕

photo_2016-08-12_15-23-44photo_2016-08-12_15-23-46photo_2016-08-12_15-23-47photo_2016-08-12_15-23-50photo_2016-08-12_15-23-53

មតិយោបល់