ព័ត៌មានជាតិ

យុវជន​ម្នាក់​ បើក​ម៉ូតូ​​លឿន​ទៅ​បុក​គោ​យន្ត​កន្ត្រៃ​ បណ្តាល​ឱ្យ​ធ្លាយ​ពោះ​ស្លាប់​ភ្លាមៗ​

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ យុវជន​ម្នាក់​ ដែល​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ គ្មាន​ពាក់មួក​សុវត្ថិភាព​ ហើយ​បាន​ទៅ​បុក​គោ​យន្ត​កន្ត្រៃ​ បណ្តាល​ឲ្យ​ធ្លាយ​ពោះ​ស្លាប់​ភ្លាមៗ​ នៅ​នឹង​កន្លែង​កើតហេតុ​ ។​ ចំណែក​អ្នក​បើក​គោយន្ត​កន្ត្រៃ​ ឃើញ​សភាព​បែប​នោះ​ បាន​ទុក​គោ​យន្ត​ចោល​ រត់គេច​ខ្លួន​បាត់​ ។​

​ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​លើ​ផ្លូវជាតិ​លេខ​៥​ កំពុង​ស្ថាបនា​ ត្រង់​ចំណុច​ក្រុម​ទី​៦១​ ភូមិ​បឹង​ព្រីង​ ឃុំ​បឹង​ព្រីង​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ កាលពី​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៨​និង​៥០​នាទី​ ។​

​លោក​វរសេនីយ៍ឯក​ ផង់​ សុភាព​ អធិការ​នគរបាល​ស្រុក​ថ្មគោល​ បាន​រាយការណ៍​ ឲ្យដឹង​ថា​ មាន​គោ​យន្ត​កន្ត្រៃ​សណ្តោង​រ៉ឺ​ម៉ក​ដឹកស្រូវ​មួយ​គ្រឿង​ បើក​ចេញពី​ផ្លូវលំ​ ទិស​ដៅ​ពី​លិចទៅ​កើត​ដល់​ចំណុច​កើតហេតុ​ បាន​បើក​ឡើង​លើ​ផ្លូវជាតិ​លេខ​៥​ ហើយ​បត់​ស្តាំ​ទៅ​ទិស​ខាងត្បូង​ ស្រាប់តែ​មាន​ម៉ូតូ​ម៉ាក​ស្កុប​ពី​ ព​ណ៌​ស​ ស៊េរី​២០២១​ គ្មាន​ផ្លា​ក​លេខ​ បើក​ពី​ទិស​ខាងជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ បាន​បុក​គោ​យន្ត​កន្ត្រៃ​កំពុង​បត់​ស្តាំ​ចំ​ដៃ​គោ​យន្ត​ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួស​ធ្លាយ​ពោះ​ស្លាប់​នៅ​កន្លែង​កើតហេតុ​​ ចំណែក​គោ​យន្ត​កន្ត្រៃ​បាន​ចត​ចោល​ អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​។​ អ្នកបើកបរ​គោ​យន្ត​កន្ត្រៃ​មិន​ស្គាល់​អត្តសញ្ញាណ​ (​រត់គេច​ខ្លួន​)​។

ជនរងគ្រោះអ្នកបើកបរ​ម៉ូតូ​ឈ្មោះ​ វឿ​ន​ សា​វុ​ធ​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ រស់នៅ​ភូមិ​បឹង​ព្រីង​ ឃុំ​បឹង​ព្រីង​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ បាន​ស្លាប់​បាត់បង់​ជីវិត​ (​គ្មាន​មួក​សុវត្ថិភាព​)​។​

​ករណី​នេះ​ ដោយ​បាន​ឯកភាព​ពី​ជំនាញ​ខេត្ត​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ឱ្យ​ក្រុម​គ្រួសារ ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ហើយ​ជំនាញ​ធ្វើ​វាស់វែង​បាន​ត្រឹមត្រូវ​ និង​ដកហូត​សម្ភារ​តាង​បង្ក​ទាំង​សងខាង​ យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី៕​

មតិយោបល់