កណ្តាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃអាទិត្យ ១០រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៨និង០០នាទីមានករណីធ្វើអោយខូចខាតដោយចេតនាចំណុចផ្ទះជនរងគ្រោះភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ(បង)ឈ្មោះ គឹម តុញ ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរកសិករទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យ(ប្អូន)ឈ្មោះគឹម គង្គា ភេទប្រុស អាយុ ៤២ឆ្នាំ ទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
សម្ភារៈខូចខាត៖ បែកកញ្ចក់ទ្វារផ្ទះអស់ចំនួន ២ផ្ទាំង។
វត្ថុតាងចាប់យក៖ រនាស់ដែកដងដែកចំនួន ១ប្រវែង ១៥០ស.ម។
នៅវេលាកើតហេតុខាងលើ ពេលជនរងគ្រោះកំពុងតែនៅក្នុងផ្ទះរបស់ខ្លួនជាមួយក្រុមគ្រួសារ ពេលនោះស្រាប់តែឃើញជនសង្ស័យជាប្អូន ដែលនៅផ្ទះបែកគ្នាហើយជាមនុស្សញៀនថ្នាំបានកាន់រនាស់ដើរសំដៅមករក ឃើញដូចនោះជនរងគ្រោះ និងក្រុមគ្រួសារបាននាំគ្នារត់ទៅពួននៅក្នុងផ្ទះរបស់ប្អូនម្នាក់ទៀត នៅក្បែរគ្នាដោយភ័យខ្លាចជនសង្ស័យវាយមកលើខ្លួន ព្រោះកន្លងមកជនសង្ស័យជាប្អូនរូបនេះធ្លាប់ប្រើអំពើហិង្សាមកលើជនរងគ្រោះទៀតផង ភ្លាមនោះស្រាប់តែជនសង្ស័យ បានយករនាស់វាយកញ្ចក់ទ្វារផ្ទះរបស់ជនរងគ្រោះ បណ្តាលអោយបែកអស់ចំនួន ២ផ្ទាំង ទើបជនរងគ្រោះរាយការណ៍ជូនសមត្ថកិច្ច ចុះជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមទាំងដកហូតវត្ថុតាងបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់