ព័ត៌មានជាតិ

អាង​ខ្លួនឯង​មាន​លុយ​គ្រាន់តែ​គេ​ជិះ​រថយន្ត​ស៊ី​ផ្លេ​ពី​ក្រោយខឹង​គេ​ជិះ​ម៉ូតូ​យក​ដំ​ថ្ម​គប់​រថយន្ត​គេ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

ភ្នំពេញ ៖ យុវជន​ម្នាក់​ដែល​អាង​ខ្លួនឯង​ជា​កូន​អ្នក​សំបូរ​លុយ​ចាយ​លែង​អស់ហើយ​អាង​អំណាច​គ្រាន់តែ​គេ​បើករថយន្ត​ពីក្រោយ​ហើយ​ស៊ី​ផ្លេ ខឹង​គេ​ក៏​ជិះ​ម៉ូតូ​យក​ដុំថ្ម​ទៅ​គប់​លើ​រថយន្ត​គេ​បណ្ដាលអោយ​ខូចខាត​ហើយ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន ត្រូវបាន​សមត្ថកិច្ច​ដេញ​តាម​និង​ឃាត់​បាន​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃទី​២៧​ខែ​ឧសភា​ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​លេខ​៥១​កែង​និង​ផ្លូវ​១១៤ ក្នុង​សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ ក្រោយ​មន្ទីរពេទ្យ​ព្រះ​អង្គ​ឌួង​។​

​បើតាម​សម្ដី​ម្ចាស់​រថយន្ត​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានអោយដឹងថា រូបគាត់​បាន​បើក​រថយន្ត​មួយ​គ្រឿង​ម៉ាក​តូយ៉ូតា ហៃឡែន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2K-7875 ដែល​គាត់​បាន​ជិះ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ស្រាប់តែ​មក​ដល់​ចំណុច​មុខ​មន្ទីរពេទ្យ​កាល់ម៉ែត គាត់​ក៏​បាន​ឃើញ​យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១១០ ពណ៌​ទឹកប៊ិច ភ្នំពេញ 1BF-7778 ហើយ​និង​មាន​បិត​តែម​ឡូហ្គោ​ប៉ូលិស​ថែមទៀត​ផង បាន​ជិះ​ធ្វើដំណើរ​ពីមុខ​រថយន្ត​របស់​គាត់​ហើយ​ខណៈនោះ គាត់​ក៏​បាន​ស៊ី​ផ្លេអោយ​ម៉ូតូ​ដែល​នៅ​ពីមុខ​រថយន្ត​គាត់​អោយ​អែប​គៀន​ដើម្បី​គាត់​ធ្វើ​ដំណើរ​ទៅមុខ តែ​យុវជន​ដែល​ជិះ​ម៉ូតូ​នោះ​ហាក់ដូចជា​មួរ​ម៉ៅ​ក៏បាន​ស្រែកជេរ​គាត់​ហើយ​ក៏​អែប​ម៉ូតូ​គៀន​អោយ​រថយន្ត​គាត់​បន្ត​ទៅមុខ​ទៀត ខណៈនោះ​គាត់​ក៏​បាន​បន្តដំណើរ​ទៅមុខទៀត រហូតមក​ដល់​ផ្លូវ​លេខ​១១៤ កែង​និង​ផ្លូវ​លេខ​៥១ ក៏​យុវជន​ដែល​ជិះ​ម៉ូតូ​នោះ​យក​ដុំថ្ម​មួយ​ដុំ​មក​គប់​រថយន្ត​គាត់​ចំ​ទ្វារ​ខាងក្រោយ​ផ្នែក​ខាងឆ្វេង​បណ្ដាលអោយ​ក្រ​ពិត​ដាច់​ថ្នាំ​រថយន្ត សំណាង​មិន​បែក​កញ្ចក់​រថយន្ត ហើយ​ភ្លាមៗ​នោះ​យុវជន​នេះ​បាន​ជិះ​ម៉ូតូ​ព្យាយាម​គេច​ខ្លួន​ដោយ​សំណាងអាក្រក់​ប្រទះ​ជួប​ជាមួយ​សមត្ថកិច្ច​កំពុង​ជិះ​ម៉ូតូ​ល្បាត​ក៏​ធ្វើ​ការដេញ​តាម​ចាប់​ប្រផាប់​ប្រភីង រហូតមក​ដល់​ចំណុច​ក្បែរ​និង​ស្ថានទូត​អង់គ្លេស​ដែល​ជា​ផ្លូវ​ទាល់​យុវជន​នោះ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​រួមទាំង​ម៉ូតូ​បាន​ភ្លាមៗ​ផងដែរ​។​បន្ទាប់ពី​កើតហេតុ​កម្លាំង​សមត្ថកិច្ច​នៃ​ប៉ុស្ដិ៍​នគរបាល​ផ្សារ​ថ្មី​មួយ​បាន​ធ្វើ​ការឃាត់ខ្លួន​យុវជន​ដែល​អាង​អំណាច​និង​លុយ​របស់​ខ្លួន​នេះ​មក​ធ្វើ​ការដោះស្រាយ​ជាមួយ​ម្ចាស់​រថយន្ត​នៅ​ប៉ុស្ដិ៍​នគរបាល​ផ្សារ​ថ្មី​១ ដើម្បី​ដោះស្រាយ​គ្នា​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ដោយ​ភាគី​ខាង​ម្ចាស់​រថយន្ត​មិន​ចង់​មានរឿង​វែងឆ្ងាយ​ក៏​ព្រម​បញ្ចប់រឿង​គ្រាន់តែ​យក​រថយន្ត​របស់​ខ្លួន​ទៅ​ជួសជុល​ដោយ​យក​សំណង​ពី​ភាគី​បង្ក​បន្តិចបន្តួច​តែប៉ុណ្ណោះ​៕
2014-05-28_101318

មតិយោបល់