ព័ត៌មានជាតិ

ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួន ត្រូវបានមន្ត្រីសាខា ក.ប.ប. ខេត្តកោះកុងរកឃើញ និងដកហូត

កោះកុងៈ យោងតាមផេករបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំCCF បានឲ្យដឹងថា ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តកោះកុង ដោយទទួលបានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យ គុណភាព សុវត្ថិភាព ផលិតផលម្ហូបអាហារនៅផ្សារអណ្តូងទឹក ស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។

ក្នងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារចំនួន ០៦គំរូមានដូចជា៖ គ្រឿងសមុទ្រ បង្គារ មឹកត្រីងៀត ខ្ញីហាន់ និងបន្លែកកូរមួយចំនួន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ទឹកក្រូចចំណុះ ១.៥លីត្រ ចំនួន០៤ដប និងទឹកដោះគោចំនួន ០៦ដបតូច។ បន្ទាប់មក មន្ត្រីសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

 

មតិយោបល់