ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់អ្នកបើកបររថយន្ត ៣៥គ្រឿង ដឹកដី ថ្ម ខ្សាច់ ជ្រុះលើដងផ្លូ មកធ្វើការអប់រំ និងធ្វើកិច្ចសន្យា

កណ្តាលៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយយោងតាមសំណូមពររបស់មហាជន ដែលក្រុមការងារប្រតិកម្មរហ័ស និងព័ត៌មាននៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលប្រមូលបានពីបណ្ដាញទំនាក់ទំនងសង្គម ស្នើឲ្យសមត្ថកិច្ចពិនិត្យនៅភូមិសាស្ត្រឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ព្រោះឡានដឹកដីបើកយ៉ាងអាណាធិបតេយ្យ វ៉ាជែងគ្មានគិតពីសុវត្ថិភាពប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ ម្យ៉ាងវិញទៀត ដឹកដីជ្រុះពេញផ្លូវថ្នល់បណ្ដាលឱ្យហុយ ប៉ះពាល់ដល់សុខភាព និង អ្នកជិះម៉ូតូតាមដងផ្លូវ ហើយពេលខ្លះស៊ីផ្លេដេញគ្នាដូចប្រណាំងឡានស្ទើរតែគាំងបេះដូង។ ចាប់តំាងពីផ្សារដើមត្រាំងរហូតដល់ខាងលិចភូមិព្រៃប្រសាទ ឡានដីបើកលឿនៗខ្លាំងណាស់។

ឆ្លើយតបសំណូមពររបស់មហាជន លោកស្នងការនគរបាលខេត្តកណ្ដាល ឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ បានដាក់បទបញ្ជាចេញប្រតិបត្តិការបន្ទាន់ លុះនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៨:៣០នាទី កម្លាំងផ្នែកជំនាញសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងសាធារណៈការស្រុក លោកមេឃុំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដើមឫស បានចុះដល់ទីតាំងខាងលើផ្លូវលេខ៣៤ ស្ថិតក្នុងភូមិសាស្រ្តឃុំដើមឫស ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលបានធ្វើការត្រួតពិនិត្យទៅលើអ្នកបើកបររថយន្តដឹកខ្សាច់ ថ្មបានចំនួន ៣៥គ្រឿង និងបានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាដល់អ្នកបើកបររថយន្តទាំងអស់គឺមិនត្រូវដឹកខ្សាច់ ដឹកថ្មដែលហូរទឹក ត្រូវគ្របអោយបានត្រឹមត្រូវទៅតាមច្បាប់ដែលបានកំណត់ ការបើកបរលឿន វ៉ា ជែងកម្លាំងបានធ្វើការដកហូតស៊ីផ្លេខ្យល់ ដែលមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជាហេតុបង្ករអោយលឺសំឡេងខ្លាំង និង រំខានដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវក៏ដូចជាប្រជាពលរដ្ឋ ដែលមានទីលំនៅតាមដងផ្លូវ កន្លែងជាទីប្រជុំជន និងតម្រូវឲ្យអ្នកបើកបររថយន្ត ទាំងអស់បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ត្រូវគោរពជាដាច់ខាត ទៅតាមគោលការណ៍នៃច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវបើកបររក្សាល្បឿនឲ្យបានត្រឹមត្រូវទៅតាមច្បាប់ដែលបានកំណត់។

លោកស្នងការនគរបាលខេត្តកណ្ដាល បានថ្លែងថា ក្នុងនាមកងកម្លាំងនគរបាលជាតិដែលមានភារកិច្ចថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះមហាជន ពិសេសបណ្ដាញទំនាក់ទំនងសង្គមដែលតែងសហការផ្ដល់ព័ត៌មានមកសមត្ថកិច្ច ដើម្បីមានមូលដ្ឋានអនុវត្តវិធានការជំនាញ វិធានការរដ្ឋបាល និងវិធានការច្បាប់បានទាន់ពេលវេលា ៕

 

 

 

មតិយោបល់