បាត់ដំបងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៩និង០០នាទី ត្រង់ចំណុចតាពេក ក្រុមទី៥ ភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ប្រើប្រាស់អាវុធ) មួយកើតឡើងដោយក្មួយបង្កើតបានប្រើដំបងវាយសំពង ទៅឪពុកមារបស់ខ្លួន បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។
លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានរាយការណ៍ឲ្យដឹងថា ក្មួយប្រុសជាជនដៃដល់មានឈ្មោះ ស៊ឹម រ៉ាវី ហៅ វ៉ិត ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅចំណុចតាពេក ក្រុមទី៥ ភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ បានប្រើប្រាស់ដំបងវាយទៅលើមារបស់ខ្លួនឈ្មោះ យី ស ភេទប្រុស អាយុ ៥៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (ផ្ទះក្បែរគ្នា) បណ្ដាលឲ្យរបួសជាទម្ងន់។
មូលហេតុជនល្មើសខឹងនឹងឈ្មោះ យី ស ជាឪពុកមាស្ដីបន្ទោសរឿង រើជជុះសំលៀកបំពាក់នៅផ្ទះរបស់ខ្លួន ក្នុងពេលឲ្យជនល្មើសចាំផ្ទះឲ្យខ្លួន។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកឯជនសង្ស័យ បានរត់គេចខ្លួន ទៅឡើងបង្គោលបណ្ដាញខ្សែភ្លើង ដែលនាំចរន្តអគ្គិសនីទៅរោងចក្រស៊ីម៉ងត៍ភ្នំដូនមាយ ទើបសមត្ថកិច្ច ក៏បានរិះរកវិធីឲ្យជនល្មើស ចុះមកវិញដើម្បីចាប់ខ្លួន។
លុះដល់វេលាម៉ោង ២២និង៥០នាទី នៅថ្ងៃដដែលជនសង្ស័យ ត្រូវនគបាលស្រុកចាប់ខ្លួន បន្ទាប់ពីចុះពីបង្គោលភ្លើងមកវិញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់