ព័ត៌មានជាតិ

កម្លាំងអាវុធឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីហិង្សា

បន្ទាយមានជ័យៈ យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ អេង ឃុយ ភេទប្រុស អាយុ ៣៦ឆ្នាំ បច្ចុប្បន្ន រស់នៅបុរីធីធី ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្ត ប/ជ កាលពីថ្ងៃទី១៣/០២/២០២១ បានប្ដឹងទៅលើជនបង្កចំនួន០២នាក់ ដែលប្រព្រឹត្តហិង្សាមកលើរូបគាត់កាលពីវេលាម៉ោង ៧និង០០នាទី ថ្ងៃទី១២/០២/២០២១ នៅចំណុចបុរីខាងលើ។

លោក នួន នីណារ៉ូ មេ/ការ អ.ហ ក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹង លោកបានចាត់តាំងកម្លាំងចុះធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី១៤/០២/២០២១ វេលាម៉ោង០៨និង០០នាទី ទើបឃាត់ខ្លួនបានជនបង្កចំនួន០២នាក់ ដែលមានក្នុងពាក្តបណ្ដឹង ១/.ឈ្មោះ ស៊ីង វីកាំង ភេទប្រុស អាយុ ៣៧ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្ត ប/ជ។ ២/.ឈ្មោះ ហេង សំបូរ ហៅ យី ភេទប្រុស អាយុ៣៦ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិមានជ័យ ឃុំស្រែស្ដៅ ស្រុកសំឡូត ខេត្តបាត់ដំបង ហើយបញ្ជូនមកមូលដ្ឋាន អ.ហ ក្រុងដើម្បីធ្វើការសាកសួរ។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ស៊ីង វីកាំង បានរៀបរាប់ថា កាលពីវេលាម៉ោង០៩និង០០នាទី ថ្ងៃទី១២/០២/២០២១ រូបគេបានផឹកស៊ីជប់លៀងបុណ្យចូលឆ្នាំចិនជាមួយបងប្អូន ក្នុងនោះមានឈ្មោះ ហេង សំបូរ ហៅយី ជាប្អូនបង្កើតរបស់រូបគេចូលរួមផងដែរ ពេលផឹកស៊ីមានភាពស្រវឹង រូបខ្លួនបាននិយាយប្រាប់រឿងរ៉ាវដែលឈ្មោះ ហ៊ុយ និងឈ្មោះ អេង ឃុយ ធ្លាប់បានវាយមកលើរូបខ្លួនកាលពីជិត១០ឆ្នាំមុន បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ ភ្លាមនោះ ឈ្មោះ ហេង សំបូរ ហៅយី ដែលត្រូវជាប្អូនបានដើរសំដៅទៅផ្ទះជនរងគ្រោះឈ្មោះ អេង ឃុយ ខ្លួនគេឃើញដូច្នេះដោយខ្លាចមានរឿងរូបគេក៏បានទៅតាមពីក្រោយ រួមជាមួយនិងអ្នកជិតខាងប្រហែល០៦នាក់បន្ថែមទៀត ពេលទៅដល់ស្រាប់តែឈ្មោះ ហេង សំបូរ ហៅយី បានវាយទៅលើជនរងគ្រោះឈ្មោះ អេង ឃុយ បាត់ទៅហើយ ហើយរូបខ្លួននិងបក្ខពួកបានចូលទៅឃាត់ តែឃាត់មិនឈ្នះ ពួកខ្លួនក៏បានវាយតបតជាមួយបក្ខពួកឈ្មោះ អេង ឃុយ វិញបណ្ដាលឱ្យរងរបួសតែម្ដង។

ដោយផ្អែកលើ ពាក្យបណ្ដឹង ចម្លើយសារភាពរបស់ជនសង្ស័យទាំងពីរ និងមានស្នាមរបួសផងនោះ កម្លាំងព្រហ្មទណ្ឌ អ.ហ ក្រុង បានកសាងសំណុំរឿងបញ្ជូនមកការិយាល័យព្រហ្មទណ្ឌ អ.ហ ខេត្តចាត់ការបន្ត។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌ អ.ហ ខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីហើយ៕

មតិយោបល់