បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៦និង៣០នាទី នៅចំណុចផ្ទះក្នុងក្រុមទី០៧ ភូមិអូដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីអំពើលួច ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចយកម៉ូតូកង់បីមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១១០ ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង ១S-៤៤៧៩ លេខម៉ាស៊ីន ៨០០១១២៨ របស់ឈ្មោះ សូយ តុលា ភេទប្រុស អាយុ៣៧ឆ្នាំរស់នៅភូមិកើតហេតុខាងលើ មុខរបរលក់ដូរ ។
ក្រោយទទួលពាក្យបណ្តឹង នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១១និង២០នាទី កម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ១.ឈ្មោះ ពិន គឹមសេង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានមុខរបរ កម្មករ ២.ឈ្មោះ សាន សៀងហៃ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរ មិនពិតប្រាកដ និង៣.ឈ្មោះ ផេង ឡែម ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិអូដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរ កម្មករ។
សមត្ថកិច្ចបានដកហូតវត្ថុតាង និងនាំខ្លួនជនសង្ស័យទាំងបី មកសាកសួរនៅអធិការរដ្ឋាននគរបាលស្រុកកំរៀង ពួកគេបានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូកង់បីរបស់ជនរងគ្រោះយកទៅលក់នៅក្រុងប៉ោយប៉ែតពិតប្រាកដមែន ។
នៅពេលនេះ នគរបាលស្រុកបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំងបី ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕

មតិយោបល់